(ភ្នំពេញ)៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្តលឿនដូចព្យុះ ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់កំណាត់ថ្មទ្រូងផ្លូវអស់មួយកង់ ឯរថយន្តក្រទ្បាប់ផ្ងាជើងឡើងលើច្រង៉ាងទៅមុខលែងរួច តែសំណាងណាស់ អ្នកបើកបរមិនគ្រោះថ្នាក់ដល់ជីវិត។

គ្រោះថ្នាក់នេះកើតទ្បើងនៅវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្តុបណានជីង ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស់វ័យចំណាស់ម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្តមួយគ្រឿង ម៉ាកហាយទ្បេនឌ័រ ពណ៌ទឹកបិច ពាក់ស្លាកលេខ ភ្នំពេញ 2S-7822 បើកបរតាមបណ្តោយផ្លូវលេខ១២៨ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ ហើយរថយន្តក្រទ្បាប់ផ្ងាជើងឡើងលើច្រង៉ាងទៅមុខលែងរួច រថយន្តខូចខាតស្ទើរតែទាំងស្រុង តែសំណាងល្អមិនមានអ្នកណារងរបួសនោះទេ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង
យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ នៅពេលក្រោយ៕