(ភ្នំពេញ)៖ តំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្នើយ៉ាងទទូចដល់ក្រសួងធម្មការ និងសាសនា រួមជាមួយព្រះសង្ឃ និងស្ថាប័នពាក់ព័ន្ធ ត្រូវគោរពធម៌វិន័យព្រះពុទ្ធសាសនាឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការកើតមានបាតុភាពអសកម្ម នាំឲ្យអស់ភាពជឿជាក់លើព្រះពុទ្ធសាសនា។

លោកស្រីឧបនាយករដ្ឋមន្រ្តី លើកឡើងបែបនេះ ត្រូវបានធ្វើឡើងនាឱកាសនាមជាអធិបតីភាព ក្នុងពិធីបិទ «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស​លើកទី២៥» នៅសាលសន្និសីទចតុមុខ។

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបញ្ជាក់ថា «ក្រសួងធម្មការ និងសាសនា រួមជាមួយព្រះសង្ឃគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងចំណេះដឹង និងសមត្ថភាពខាងធម្មការ និងព្រះពុទ្ធសាសនា តាមរយៈការពង្រឹងអគ្គាពុទ្ធិកសិក្សា និងគោរពឱ្យបានខ្ជាប់ខ្ជួននូវធម៌វិន័យ សំដៅជៀសវាងឱ្យបាននូវបាតុភាពអសកម្មនានា ដើម្បីជាគំរូល្អ និងកសាងឱ្យបានទំនុកចិត្ត និងការជឿជាក់លើព្រះពុទ្ធសាសនា»

លោកស្រីឧបនាយករដ្ឋមន្ត្រីទទួលស្គាល់ថា ការពិតទំនើបភាវូបនីយកម្មធ្វើឱ្យមនុស្សត្រូវការមធ្យោបាយប្រើប្រាស់ និងទំនាក់ទំនងសម្ភារៈទំនើបៗ ដូចជា រថយន្ត ទូរស័ព្ទ កុំព្យូទ័រ និងប្រព័ន្ធអ៊ីនធើណេតជាដើម។ បច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យាធ្វើឱ្យយើងអាចទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតដែលនៅឆ្ងាយៗ ដូចជា ទំនាក់ទំនងជាមួយភ្ញៀវទេសចរ ឱ្យចូលមកទស្សនាប្រទេសជាដើម។ ការងារនេះគេចមិនផុតពីការទទួលឥទ្ធិពលពីវប្បធម៌ រួមទាំងសាសនាពីក្រៅផងដែរ ហើយដែលអាចជាកត្តានាំឱ្យមានការយល់ខុសពីចំណុចល្អពិតប្រាកដរបស់វប្បធម៌ និងសាសនា។

លោកស្រីឧបនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ក្រៅពីការយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ វិស័យពាហិរសាសនា ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ពោលគឺក្រសួងបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យមានសុខដុមនីយកម្មវិស័យសាសនា បង្កលក្ខណៈឱ្យប្រជាជនមានសិទ្ធិសេរីភាពពេញលេញខាងជំនឿសាសនា ដូចចែងក្នុងរដ្ឋធម្មនុញ្ញ។

ទេសរដ្ឋមន្រ្តី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបញ្ជាក់ដែរថា
វិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីកចម្រើន ព្រមទាំងបានចូលរួមអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធនានា និងបានជួយបណ្តុះបណ្តាលធនធានមនុស្ស ហើយបានរួមចំណែកអប់រំសីលធម៌ គុណធម៌ ចរិយាធម៌ ចូលរួមសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហម និងបានបង្កឱ្យមានសុខដុមនីយកម្ម ក្នុងជំនឿព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

សូមបញ្ជាក់ថា វត្តអារាមនៅទូទាំងប្រទេសមានចំនួន ៤៨៧២វត្ត ក្នុងនោះមានព្រះសង្ឃជាង៦.៩ម៉ឺនអង្គ៕