(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់អណ្តូង​ទឹកស្អាត ចំនួន ២០ (មានលេខរៀងចាប់ពី ៥១ ដល់លេខរៀងទី ៧០) ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន ៣៧៧គ្រួសារ ស្មើនឹងមនុស្ស ២,១៨២នាក់ រស់នៅក្នុង​ឃុំចំនួន ៧ នៃស្រុកសៀមបូក ស្រុកថាឡាបរិវ៉ាត់ និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្នុងឱកាសប្រគល់អណ្តូងទឹកទាំងនោះ លោក​     ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍​ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមបញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា ដើម្បីឲ្យកូនៗ​ ក្លាយ​ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គម​ និងជាពិសេស​ សូមបងប្អូនប្រជាពលរដ្ឋ​ ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ត្រូវជៀសវាងឱ្យបាន​ដាច់ខាតនូវការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ដែលជាហេតុនាំឲ្យមានអំពើហិង្សា ចោរកម្ម និងអសន្តិសុខ​ ក្នុងភូមិ​ ឃុំ​ ដែលបងប្អូនរស់នៅ​ ។ជាមួយគ្នានេះដែរ​ សូមថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវបរិភោគទឹកដាំពុះ និងចូលរួមដាំដំណាំ ឬបន្លែផ្សេងៗជុំវិញអណ្តូង​ ដើម្បីជាប្រយោជន៍ដល់សហគមន៍ និងត្រូវថែរក្សានូវ​សមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង។

ប្រជាពលរដ្ឋ​ និងសិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល​ ដែលមកចូលរួមក្នុងពិធីប្រគល់សមិទ្ធផលអណ្ដូងទឹកនេះ​ បានសំដែងនូវការដឹងគុណដោយក្តីរំភើប និងសូមថ្លែង​អំណរអរគុណដ៏ជ្រាលជ្រៅបំផុត​ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លាទាំងនេះ និងសូមប្តេជ្ញាខិតខំថែ​រក្សារាល់សមិទ្ធផល​ទាំងនេះឲ្យបានជាប្រយោជន៍រួមដ៏យូរអង្វែងទៅថ្ងៃអនាគត។

សូមបញ្ជាក់ផងដែរថា​ គិតចាប់តាំងពីឆ្នាំ ២០១០ មក​ រហូតដល់ឆ្នាំ ២០១៦ កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូន​ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ​នៅទូទាំង​ប្រទេស ក្នុងនោះ បានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹកបានសរុបចំនួនរាប់ពាន់អណ្ដូង​ ហើយបាន​ និងកំពុងផ្តល់ជូនប្រជា​ពលរដ្ឋជាបន្តបន្ទាប់ទៀត៕