(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានទៅទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា ទូទាំងប្រទេសកម្ពុជា មានជាង៦០ម៉ឺននាក់ កើនឡើង៩ភាគរយ បើធៀបនឹងឱកាសដូចគ្នាកាលពីឆ្នាំ២០១៥, នេះបើតាមលោក ជុក ជំនោរ  ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍​វប្បធម៌ និងរមណីយដ្ឋាន។

លោក ជុក ជំនោរ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី៣១ ខែមករានេះថា «ក្នុងចំណោមភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង៦០ម៉ឺននាក់ មានភ្ញៀវទេសចរ​ជាតិជាង​៥៣ម៉ឺននាក់ កើនឡើង៨ភាគរយ។ ចំណែកភ្ញៀវទេសចរអន្តរជាតិ មានជាង៧ម៉ឺននាក់ កើនឡើង២០ភាគរយ»

លោក ជុក ជំនោរ បានបន្តថា ខេត្តគោលដៅទេសចរណ៍សំខាន់ៗ ដែលមានភ្ញៀវទៅទស្សនាកម្សាន្តច្រើនជាងគេ មាន ខេត្តព្រះសីហនុមានជាង៨ម៉ឺននាក់, សៀមរាបមាន​ជាង​៨ម៉ឺននាក់, កំពតមានជាង៨ម៉ឺននាក់, កណ្តាលមានជាង៨ម៉ឺននាក់, កែបមានជាង៧ម៉ឺននាក់, រាជធានីភ្នំពេញ មានជាង៤ម៉ឺននាក់, បាត់ដំបងមានជាង៤ម៉ឺននាក់, កំពង់ចាម​មានជាង៣ម៉ឺននាក់ និងខេត្តរតនគីរីមានជាង១ម៉ឺននាក់។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានពន្យល់ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះ ដោយសារកម្ពុជាមានសន្តិភាព ស្ថិរភាព ក្រោមការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ប្រជាជនមានជីវភាពធូរធា មានធនធានសម្រាប់ដើរកម្សាន្តបានច្រើន។ ម្យ៉ាងទៀត កម្ពុជាជាតំបន់ទេសចរណ៍ធំមួយ ដែលភ្ញៀវអន្តរជាតិស្គាល់ច្រើន ហើយកម្ពុជាមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ទើបធ្វើឲ្យចំនួនភ្ញៀវ​ទេសចរមានការកើន​ឡើងរៀងរាល់ឆ្នាំ។

សូមជម្រាបថា នៅឆ្នាំ២០១៦ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៥លាននាក់ ក្នុងកំណើន៥ភាគរយ។ តាមការព្យាករណ៍ កម្ពុជារំពឹងថានឹង​ទទួលបាន​ភ្ញៀវ​ទេសចរអន្តរជាតិ យ៉ាងតិច៧លាននាក់ នៅឆ្នាំ២០២០៕