(ពោធិ៍សាត់)៖ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) លោក ហេង រតនា បានបញ្ជាកឲ្យដឹងថា នៅថ្ងៃទី៣១ខែមករានេះ​ ក្រុមជំនាញស៉ីម៉ាក់ប្រចាំទិសខេត្ត បាត់ដំបង-ពោធិ៍សាត់​ ដោយទទួលបានការគាំទ្រ និងសហការពីកំលាំងកងខេមរភូមិន្ទ​ កងកំលាំងនគរបាល​ និងអាជ្ញាធរមូលដ្ឋាន ​បានចេញប្រតិបតិ្តការកំទេច គ្រាប់នៅតំបន់ភ្នំ និងព្រៃស្រោងស្ថិត នៅភូមិក្បាលស្ទឹង៧០ ភូមិ​ចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់​​​។

លោកបានបញ្ជាក់ថា ការកំទេចចោលគ្រាប់លាក់ទុកសល់ ពីសម័យសង្រ្គាមមានចំនួនជាង៥០០គ្រាប់ ក្នុងនោះមានគ្រាប់១២០អុ​ក​គ្រាប់១០០មីល្លីម៉ែត្រ​ គ្រាប់​ដេការ​៨២មីល្លីម៉ែត្រ គ្រាប់​៨០មីល្លីម៉ែត្រ​ គ្រាប់៦០មីល្លីម៉ែត្រ​ និងគ្រាប់​បេ៤០​។

លោកបន្តថា ការធ្វើដំណើររបស់ស៉ីម៉ាក់ និងសមត្ថកិច្ចមានការពិបាកខ្លាំង ដោយត្រូវដើរឡើងភ្នំ​មួយចំនួនជិតមួយថ្ងៃពេញ ទើបទៅដល់គោលដៅ។

លោកបន្តថា «ការខិតខំរុករក និងកំទេចចោលសំណល់ជាតិផ្ទុះសង្គ្រាមនេះ​ ទាំងកងខេមរភូមិន្ទ​ កងនគរបាល និងកំលាំងស៉ីម៉ាក់នេះ​ ដើម្បីផ្តល់នូវសុខសុវតិ្ថភាព និងសន្តិភាពទាំងផ្លូវកាយ​ ផ្លូវចិត្តសតិអារម្មណ៍​ និងសុខដុមរនីយកម្មសង្គមទាំងមូល​!​ នេះជាការខិតខំ និងជំរុញរបស់រាជរដ្ឋាភិបាល ជារៀងរាល់ថ្ងៃ​ក្នុងការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម វាជាការពិតហើយអាចមានកន្លែងខ្លះ មិនទាន់ឆ្លើយតបនឹងសំនូមពរ របស់ប្រជាពលរដ្ឋ ​និងមានទង្វើខ្លះមិនពេញបំណង របស់ប្រជាពលរដ្ឋទាំងស្រុងនោះទេ​ ប៉ុន្តែដំណើរការកំពុងតំរង់ទិសទៅ ដោះស្រាយឲ្យចំគោលដៅ ចង់បានទាំងនោះហើយ!»