(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា មានមូលហេតុចំនួន៥យ៉ាង ​ដែលជំរុញឲ្យមានការ ស្នើធ្វើវិសោធនកម្មប្រការ៤៨ថ្មី (បី) បទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈសម្តេចតេជោ ចូលរួមនៅក្នុងកិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីពិភាក្សានិងអនុម័តការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ថ្មី(បី) នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ នាវិមានរដ្ឋសភា​ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានមូលហេតុ៥ ដើម្បីធ្វើស្នើវិសោធនកម្មប្រការ៤៨ថ្មី (បី) តាមរយៈសមាជិកសភា និងតំណាងគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើវិសោធនកម្ម៖

មូលហេតុទី១៖ ដើម្បីបញ្ចប់ការបកស្រាយខុសគ្នា រហូតមានអ្នកខ្លះចោទថាយើងបកស្រាយ ដោយបំពានក្នុងពេលដែលមាត្រា៤៨ថ្មី(បី) សម្រាប់តែមនុស្សម្នាក់ គេប្រឹងចែកឲ្យបានមនុស្ស២នាក់ គណបក្សសង្រ្គោះជាតិខ្លួនឯងក៏បកស្រាយខុសដែរ ឥឡូវនៅពេលដែលចាប់ផ្តើមស្នើ គេបង្ហោះតាម Website ទណ្ឌិត សម រង្ស៊ីមួយ និងរបស់លោក​ យឹម សុវណ្ណ មួយអំពីតំណែង ចឹងទៅសូម្បីតែផ្ទៃក្នុងយើងនេះ ក៏មានការយល់ខុសដែរ។

មូលហេតុទី២៖ ដើម្បីបញ្ចប់ការបំពានអំណាចតុលាការលើយន្តការពិភាក្សា កិច្ចការដែលមានសមត្ថកិច្ចរបស់តុលាការ ឬសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល លោក​ ប៉ែន បញ្ញា បានសង្កត់ធ្ងន់លើករណីហ្នឹងហើយ។ គាត់បានសន្យាជាមួយអ្នកទោស នៅក្នុងពន្ធនាគារឲ្យអ្នកទោស២នាក់ទិញសំបុត្រយន្តហោះ នៅពាក់កណ្តាលខែ១។ ពេលហ្នឹងខ្ញុំប្រាប់ឯកឧត្តម កឹម សុខា ថា យើងត្រូវគោរពវិធានរបស់តុលាការ បញ្ហាសំណុំរឿងនៅទីនេះ មាន៣រឿងខុសគ្នា។

មូលហេតុទី៣៖ បញ្ចប់វប្បធម៌សម្លេងភាគតិច យកសម្លេងភាគច្រើន ធ្វើជាចំណាប់ខ្មាំងខាងនយោបាយ ដែលទាមទារមិនចេះចប់ ឲ្យដោះស្រាយតាមផ្លូវ នយោបាយនូវពួកជាប់ទោស ចឹងស្អីក៏នយោបាយ ចឹងស្អីក៏នយោបាយ ឥឡូវអ្នកនយោបាយស្រុកខ្មែរច្រើនណាស់ ម៉េចក៏គេមិនជាប់គុក​ជាប់គុកអីតែម្នាក់រត់ទៅក្រៅប្រទេស។

មូលហេតុទី៤៖ បញ្ចប់ការចោទប្រកាន់គ្នាថា យើងមិនចង់ចរចា និងបញ្ចប់ការលំបាកលើការរៀបចំរបៀបវារៈចរចា ដែលនាំដល់ទំនាស់ពាក្យសំដី។

មូលហេតុទី៥៖ មិនចាំបាច់ចំណាយទិញរថយន្ត តែងតាំងជំនួយការ និងមិនឲ្យពិបាករៀបពិធីការកន្លែងអង្គុយ ដល់អ្នកដែល មានឋានៈស្មើនាយករដ្ឋមន្រ្តី ដែលជាតំណែងខ្យល់»។

សូមបញ្ជាក់ថា បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ថ្មី (បី) ត្រូវបានសមាជិកសភាគណបក្សប្រជាជនកម្ពុជា ធ្វើវិសោធនកម្ម និងអនុម័តរួចរាល់ ហើយនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ ដោយសម្លេង ៦៧លើ៦៧ ដោយក្លាយទៅជាប្រការ៤៨ថ្មី (បួន)។ ខ្លឹមសារនៃជំពូក១២ប្រកា៤៨ថ្មី (បួន) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា បានចែងថា សមាជិកសភា១០រូប មានសិទ្ធិបង្កើតជាក្រុមតំណាងរាស្រ្តមួយនៅក្នុងសភា ដោយមានប្រធានម្នាក់ និងអនុ ប្រធានម្នាក់។ គណបក្សទាំងឡាយណាដែលមានសមាជិកតិចជាង១០នាក់ នៅក្នុងសភា មានសិទ្ធិជ្រើសរើសយក ក្រុមណាមួយដើម្បីចូលរួម៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖