(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយសារខ្លីមួយ ដែលសម្តេចតេជោ និង លោក កឹម សុខា បានឆ្លងឆ្លើយគ្នាពាក់ព័ន្ធនឹងការតែងតាំង លោក កឹម សុខា ជាប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិច នៅក្នុងរដ្ឋសភា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ។

នៅក្នុងសាឆ្លើយឆ្លងនោះ សម្តេចតេជោ ហ៊ុន សែ​ន បានផ្ញើសារទៅ លោក កឹម សុខា នៅវេលាម៉ោង៧៖៣៤នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ចំណែក លោក កឹម សុខា បានតបមកសម្តេចតេជោ ហ៊ុន សែន វិញ នៅម៉ោង៧៖៥៧នាទី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ដដែលនេះ ពោលគឺមុនកិច្ចប្រជុំសភាចាប់ផ្តើម។

សាររបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅកាន់ លោក កឹម សុខា (ម៉ោង៧៖៣៤នាទីព្រឹក) មានខ្លឹមសារយ៉ាងដូច្នេះថា៖

«ព្រឹកនេះខ្ញុំអានព័ត៌មានឃើញមានមនុស្សមួយចំនួនមិនយល់ព្រមលើការតែងតាំងឯ.ឧជា ប្រធានក្រុមតំណាងរាស្ត្រផង ប្រធានក្រុមភាគតិចផង ដោយទុកឱយ សម រង្សុី ធ្វើប្រធានក្រុមសម្លេងភាគតិចឯសំរាប់ ឯ.ឧធ្វើប្រធានក្រុមតំណាងរាស្ត្រ។ មាត្រា៤៨ថ្មីគឺមនុស្សតែម្នាក់ទេធ្វើតំណែងទាំង២មិនមែនមនុស្ស២នាក់ទេ។ ក្នុងករណីយខាងឯ.ឧទទួលយកការចាត់តាំងនេះមិនបានទេ ព្រឹកនេះ ខ្ញុំសុំធ្វើវិសោនកម្មមាត្រា៤៨ នៃបទបញ្ជារផ្ទៃក្នុងដោយលុបចោលតំណែងទាំងអស់តែម្តង»

ចំណែកសាររបស់ លោក កឹម សុខា ឆ្លើយតបទៅកាន់សម្តេចតេជោ ហ៊ុន សែន (ម៉ោង៧៖៥៧នាទីព្រឹក) មានខ្លឹមសារយ៉ាងដូច្នេះថា៖

«មិនអីទេសម្តេច ទុកអញ្ជឹងដដែលចុះ»

ទន្ទឹមគ្នានឹងការទម្លាយសារសំងាត់នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះថា នៅក្នុងកិច្ចប្រជុំរដ្ឋសភាវិសាមញ្ញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្អែកនេះ សម្តេចនឹងបកស្រាយលម្អិតអំពីបញ្ហាទាំងនេះ នៅក្នុងរដ្ឋសភា ហើយសម្តេចបានស្នើឱ្យសាធារណជនទាំងអស់រង់ចាំតាមដាន​ នូវការបកស្រាយរបស់សម្តេចនៅថ្ងៃស្អែក៕