(ស្វាយរៀង)៖ គ្រាប់បែកទម្លាក់ពីយន្តហោះ របស់អាមេរិកប្រភេទ GPLD 500Lb MK 82 ដែលមានទម្ងន់រហូតដល់២២៧គីឡូក្រាម ត្រូវបានប្រជាពលរដ្ឋដែលបានជីកស្រះក្នុងវត្ត ស្ថិតនៅភូមិអូរសំដី​ ឃុំពោធិរាជ​ ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង ប្រទះឃើញ និងបានរាយការណ៍មន្ត្រីជំនាញសុីម៉ាក់ ដើម្បីយកគ្រាប់នោះចេញ។

បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី៣០ ខែមករា ក្រុមជំនាញសុីម៉ាក់ប្រចាំភូមិភាគកំពង់ចាម​ បានបើកប្រតិបត្តិការដោះ គ្រាប់បែកទំលាក់ពីយន្តហោះប្រភេទ​ GPLD 500Lb MK 82 ដែលមានទំងន់ចំនួន​២២៧គីឡូក្រាមបូកទាំងជាតិផ្ទុះ ចេញដោយសុវត្ថិភាព។

លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលជីកស្រះនេះពិតជាសំណាងណាស់ ដែលគ្រឿងចាក់កាយចំគ្រាប់ តែមិនចំកន្លែងផ្ទុះ។

លោកបញ្ជាក់ថា គ្រាប់បែកដ៏គ្រោះថ្នាក់នេះ ត្រូវដឹកមកទីលានកាត់បន្សាបគ្រាប់របស់សុីម៉ាក់នៅខេត្តកំពង់ឆ្នាំង។

សូមជម្រាបថា គ្រាប់បែកដែលទម្លាក់ពីយន្តហោះ របស់អាមេរិកបានបន្សល់ទុកលើទឹកដីខ្មែររាប់លានគ្រាប់ បូករួមទាំងគ្រាប់បែកគីមីផងដែរ។

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ សុីម៉ាក់បានរកឃើញគ្រាប់បែកគីមី ដ៏គ្រោះថ្នាក់បំផុតចំនួន២គ្រាប់នៅក្នុងសាលា និងវត្តអារាម ក្នុងស្រុករមាសហែក ខេត្តស្វាយរៀងផងដែរ។ សុីម៉ាក់បានកំណត់យកសប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីដោះគ្រាប់បែកគីមីនេះចេញ ដោយត្រូវជម្លៀសសិស្សសាលា ព្រះសង្ឃ និងប្រជាពលរដ្ឋទីកន្លែងសុវត្ថិភាព ក្នុងពេលបើកប្រតិបត្តិការ។

សុីម៉ាក់បានឲ្យដឹងថា អាមេរិកបានទម្លាក់គ្រាប់បែកចង្រ្កោម និងគ្រាប់បែកគីមីជិត៣លានគ្រាប់មកលើទឹកដីកម្ពុជា និងបានសម្លាប់អាយុជីវិតពលរដ្ឋស្លូតត្រង់ជាងកន្លះលាននាក់៕