(ភ្នំពេញ)៖ នៅថ្ងៃស្អែកទី៣១ ខែមករា ឆ្នាំ២០១៧ស្អែកនេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំពិនិត្យលើរបៀបវារៈមួយចំនួន ក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំសភាពេញអង្គនេះផងដែរ។

សូមជំរាបថា កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧កន្លងទៅ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា បានថ្លែងឲ្យដឹងថា រដ្ឋសភាបានសម្រេចបើក កិច្ចប្រជុំវិសាមញ្ញមួយ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីពិភាក្សាអំពីការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង ប្រការ៤៨ថ្មី (បី) បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីវិលត្រឡប់ទៅប្រើប្រាស់ប្រការ ៤៨(ពីរ)វិញ។

សំណើសុំធ្វើវិសោធនកម្មនេះ ត្រូវបានចុះហត្ថលេខាដោយក្រុមតំណាងរាស្រ្តចំនួន ៥៥រូប កាលពីកន្លងទៅថ្មីៗនេះ បន្ទាប់ពីមានការប្រកាសដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើឱ្យមានការធ្វើវិសោធនកម្មលើមាត្រា៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានេះឡើងវិញ។ សម្តេចថា ប្រការនេះបាន ធ្វើឱ្យពិបាកក្នុងការធ្វើការ រួមទាំងមានប៉ុនប៉ងចរចាដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលាការជាដើម៕