(តាកែវ)៖ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានរំលឹកទៅដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស ត្រូវបន្តជំរុញកិច្ចការងារថែរក្សាស្ថិរភាពសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានឲ្យបានរឹងមាំ ដោយអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានកាន់តែខ្លាំងក្លា ជាពិសេសលុបបំបាត់ឲ្យអស់ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង និងចោរកម្ម ដើម្បីធានាការរស់នៅដ៏សុខសាន្តរបស់ប្រជាជន។

លោក យឹម ណុលឡា ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបការងាររយៈពេល ៥ឆ្នាំ (២០១២-២០១៧) និងទិសដៅភារកិច្ចបន្តឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្ស និង ក្រុមប្រឹក្សាឃុំកំពង់រាប កាលពីថ្ងៃ២៩ ខែមករា ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោក កែវ រ៉េមី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស និង លោក បួន លឹមហេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំកំពង់រាប និងក្រុមការងារថ្នាក់ស្រុក ថ្នាក់ខេត្តផងដែរ។

លោក យឹម ណុលឡា បានរំលឹកទៅដល់អាជ្ញាធរ និងសមត្ថកិច្ចថា គោលបំណងចម្បងរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យប្រជាជនមានជីវភាពកាន់តែ រីកចម្រើន ល្អប្រសើរជាលំដាប់។ ជាក់ស្តែងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០១៦នេះ នៅតែសម្រេចបានក្នុងអត្រា៧%។ ចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា កើនឡើងពី១០៤២ដុល្លារអាមេរិក នៅឆ្នាំ២០១៣ រហូតដល់ ១,៣៣២ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៦។

អត្រាក្រីក្របានធ្លាក់ចុះពី ៥៣,៥% នៅក្នុងឆ្នាំ២០០៤ ដល់ប្រមាណ១៣,៥% នៅក្នុងឆ្នាំ២០១៤។ នៅឆ្នាំ២០១៧នេះ កម្ពុជាបាន ចាកចេញ ពីចំណាត់ថ្នាក់ប្រទេសមានប្រាក់ចំណូលកម្រិតទាបទៅជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតទាប។ ហើយនឹងសម្រេច ឲ្យបាននូវគោលដៅជាតិដែលមានបំណងប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បានដាស់តឿន ក្រើនរំលឹកដល់គណៈកម្មាធិការបក្សឃុំ ក្រុមប្រឹក្សាឃុំកំពង់រាបព្រមទាំង កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវបន្តបម្រើប្រជាជនឲ្យអស់ពីចិត្តពីថ្លើម។ ត្រូវក្តាប់ជាប់នូវពាក្យស្លោក «ឆ្លុះកញ្ចក់ ងូតទឹក ដុលក្អែល និងព្យាបាល» និងបានលើកឡើងនូវសាររំលឹករបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលើកទី៤០ អាណត្តិទី៥ ថា៖ «ភាពក្រអឺតក្រទមរបស់មន្រ្តីរាជការ គឺជាបណ្តាសាររបស់ប្រជាជន»៕