(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា បានឲ្យដឹងថា គិតមកដល់ត្រឹមឆ្នាំ២០១៧នេះ អង្គភាពថវិកានៅតាមក្រសួងនានាសរុបចំនួន ៤៥ហើយត្រូវបានដាក់ឲ្យ ដំណើរការ ដើម្បីពង្រឹងការគ្រប់គ្រងថវិកាសាធារណៈ។

លោក ហ៊ាន សាហ៊ីប ថ្លែងឲ្យដូច្នេះក្នុងសិក្ខាសាលាស្ដីពីការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុបឋម នៃការអនុវត្តថវិកាឆ្នាំ២០១៦ របស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ។

លោក ហ៊ាន សាហ៊ីប បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអនុវត្តថវិកាកម្មវិធីពេញលេញ ព្រមគ្នាជាមួយក្រសួងអនុវត្តថវិកាកម្មវិធីចំនួន ៩ផ្សេងទៀត តាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងទិសដៅច្បាស់លាស់ និង ភាពជាម្ចាស់ ដែលត្រូវអនុវត្តជាដំណាក់ៗ។

លោកបញ្ជាក់យ៉ាងដូច្នេះ «អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានដាក់ឱ្យដំណើរការ និង ប្រតិបត្តិការបំពេញមុខងារ របស់ខ្លួនយ៉ាងសកម្ម ដើម្បីគាំទ្រ និង ចូលរួមការអនុវត្តថវិកាកម្មវិធី ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ព្រមជាមួយនឹងការប្រគល់សិទ្ធិជាបន្តបន្ទាប់ ដើម្បីបង្កើនប្រសិទ្ធភាព គណនេយ្យភាពសមិទ្ធកម្ម និងថវិកា»

បើតាមលោក ហ៊ាន សាហ៊ីប គិតត្រឹមឆ្នាំ២០១៧ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ឲ្យដំណើរការអង្គភាពថវិកាក្រសួងសរុបចំនួន ៤៥ ដោយរួមមានអង្គភាពថវិកាថ្នាក់កណ្ដាលចំនួន ២០ និង អង្គភាពថវិកាថ្នាក់មូលដ្ឋាន (មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត) ចំនួន២៥។

ជាមួយគ្នានេះ អង្គភាពថវិកាថ្នាក់កណ្ដាលចំនួន៨ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង២៥ ត្រូវបានប្រគល់សិទ្ធិជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ លើកិច្ចប្រតិបត្តិការនៃឥណទានថវិកាប្រចាំឆ្នាំរបស់ខ្លួន។ រីឯអង្គភព ថវិកាថ្នាក់កណ្ដាលចំនួន ១២ ផ្សេងទៀត ក៏ត្រូវបានប្រគល់សិទ្ធិលើការអនុវត្តរជ្ជទេយ្យបុរេប្រទានផងដែរ ។

លោកប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា បានឲ្យដឹងទៀតថា ជាមួយការប្រគល់សិទ្ធិ និង ការទទួលខុសត្រូវក្នុងការបំពេញមុខងាររបស់ខ្លួនក្នុងនាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល ជាអាណាប័កដើមខ្សែ ប្រធានអង្គភាពថវិកានីមួយៗក្នុងនាមជាអាណាប័កផ្ទេរសិទ្ធិ និង មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវបានបង្កើនសមត្ថភាព ភាពជាម្ចាស់ ឆន្ទៈ គណនេយ្យភាព ភាពឆ្លើយតប និងប្រសិទ្ធភាពការងារជាបន្តបន្ទាប់៕