(មណ្ឌលគិរី)៖ តាមសេចក្តីរាយការណ៍ពីកម្លាំងកងរាជអាវុធហត្ថ ដែលការពារទីតាំងស្តុកឈើបានប្រាប់ថា ភ្លើងបានចាប់ផ្តើមឆេះយ៉ាងសន្ធរសន្ធៅមុនដំបូងនៅទីតាំងក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ប៉ុន្តែត្រូវបានរលត់ទៅវិញដោយមានការអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យនគរបាលខេត្តក្រចេះ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា។

បន្ទាប់មកនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ មានភ្លើងឆេះម្តងទៀត នៅទីតាំងស្តុកឈើក្រុមហ៊ុនដាយថាន់ ដោយមានការត្រៀមជាមុននូវរថយន្តពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅពេលភ្លើងឆេះកម្លាំងពន្លត់អគ្គិសនី បានខិតខំប្រឹងប្រែងពន្លត់ភ្លើងអស់រយៈពេលពេញមួយថ្ងៃ ទើបភ្លើងបានរលត់ទៅវិញ ដោយមានការសហការពីរថយន្តពន្លត់អគ្គិភ័យ របស់នគរបាលខេត្តក្រចេះ និងខេត្តមណ្ឌលគិរីចំនួន៤គ្រឿងទៀត។

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ បានអញ្ជើញចុះទៅត្រួតពិនិត្យជាក់ស្តែង និងដឹកនាំបញ្ជាផ្ទាល់ នៅទីតាំងស្តុងឈើក្រុមហ៊ុនដាយថាន់ ខេត្តមណ្ឌលគិរី ដែលត្រូវបានភ្លើងឆេះជាបន្តបន្ទាប់។ គិតមកដល់ម៉ោងនេះ ភ្លើងបានរលត់ទៅវិញហើយ ប៉ុន្តែកម្លាំងទាំងអស់នៅតែត្រៀមការពារគ្រប់ទីតាំងទាំងអស់។

ជាមួយគ្នានេះដែរ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតតំបន់ព្រៃឈើ ឬចូលក្នុងព្រៃ កុំប្រើប្រាស់ភ្លើងដូចជា ពិសារបារី ឬដុតយកឃ្មុំ ឬដុតព្រៃ ដែលបង្កឱ្យមានភ្លើងឆេះព្រៃ៕