(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមករានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ  ប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងផ្តល់បណ្ណបើកបរយានយន្ត ព្រមទាំងកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរស័ព្ទ ដែលប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងនេះ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង នៅក្នុងគំនិតផ្តួចផ្តើមកំណែទម្រង់ ដែលមានប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈ របស់ក្រសួងតាមរយៈនីតិវិធីថ្មី ដោយប្រើប្រាស់ប្រព័ន្ធអនឡាន។

កម្មវិធីនេះនឹងប្រព្រឹត្តទៅវេលាម៉ោង៨ព្រឹក នៅសណ្ឋាគារអីនធើខនធីណិនថល ក្រោមអធិបតីភាព  ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងស្ថាប័ននានា អគ្គរាជ/រដ្ឋទូត បណ្តាដៃគូរអភិឌ្ឍន៍ ធនាគារ ក្រុមហ៊ុនផ្គត់ផ្គង់យានជំនិះ សាលាបង្រៀនបើកបរ សរុបប្រមាណជា៣០០នាក់។

គោលបំណងនៃការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម ចំពោះសេវាសាធារណៈទាំងនេះ គឺដើម្បីសម្រួលដល់ការចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ចុះឈ្មោះប្រឡងបណ្ណបើកបរ និងផ្តល់បណ្ណបើកបរ តាមរយៈការធ្វើទំនើបកម្ម ប្រព័ន្ធចុះបញ្ជីដោយកាត់បន្ថយនីតិវិធីរដ្ឋបាល ផ្តល់សេវាងាយស្រួល និងឆាប់រហ័ស  ព្រមទាំងលុបបំបាត់ការចំណាយក្រៅផ្លូវការប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ផ្តល់ការជឿជាក់និងទំនុកចិត្តជូនប្រជាពលរដ្ឋ។ចំពោះកម្មវិធីយល់ដឹង ពីទ្រឹស្តីនៃការបើកបរលើទូរស័ព្ទ អាចឲ្យប្រជាពលរដ្ឋស្វែងយល់និង ដើម្បីត្រៀមប្រឡងយកបណ្ណបើកបរបាន។

នៅក្នុងកម្មវិធីនោះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន និងធ្វើការដាក់បង្ហាញរាល់សេវាសាធារណៈរបស់ក្រសួងដែលត្រូវបានកែទម្រង់មកប្រើ ប្រព័ន្ធស្វ័យប្រត្តិកម្មនេះ ហើយក៏នឹងបង្ហាញជូននូវអាសយដ្ឋាននៃប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងផ្តល់បណ្ណបើកបរយានយន្ត ព្រមទាំងអាសយដ្ឋានដើម្បីទាញយកកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរស័ព្ទផងដែរ៕