(ព្រះសីហនុ)៖ ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចាត់អោយកងកម្លាំងទីបញ្ជាការជួរមុខចំនួន១២រូប និងអូប័រល្បឿនលឿនចំនួន០២គ្រឿង ដឹកនាំដោយលោក វរនាវីទោ សុខ រស្មី ប្រធានទីស្នាក់ការសង្កេតការណ៍កោះតាង ចេញល្បាតនៅតាមបណ្តាគោលដៅដែលឈរជើង និងតាមតំបន់ឆ្នេរ ដើម្បីត្រៀមលក្ខណះជួយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋ អ្នកនេសាទ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលកំពុងសំរុកមកកំសាន្ត តាមបណ្តាឆ្នេរក្នុងខេត្តព្រះសីហនុយ៉ាងច្រើនកុះករ នាឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។

ក្នុងនោះកងកម្លាំងក៏បានណែនាំដល់បងប្អូនក្រុមម៉ូតូទឹក និងទូកដឹកអ្នកដំណើរទេសចរណ៍អោយបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ និងប្រាប់ឲ្យយកចិត្តទុកដាក់ពាក់អាវពោងសុវត្ថិភាពគ្រប់ៗគ្នាផងដែរ៕