(ពោធិ៍សាត់)៖ អគ្គិភ័យមួយបានលេបត្របាក់ តូបលក់ចាប់ហួយអាជីវករ ចំនួន៣តូប ខ្ទេចគ្មានសល់ គិតជាទឹកប្រាក់ជាង១០ម៉ឺនដុល្លារ កាលពីវេលាម៉ោង១៖៥៥នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចផ្សារបត់រំដួល ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា តូបដែលត្រូវអគ្គីភ័យឆេះអស់ទាំងស្រុងនោះមាន តូបទី១-សង់អំពីឈើប្រក់ស័ង្កសីជញ្ជាំងក្តារ មានទំហំ៦x៨ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ឈន សុខុន អាយុ៣៨ឆ្នាំ ប្រកបមុខរបរលក់ចាប់ហួយ ខូចខាតសម្ភាររួមមាន ផ្លាកទីន២,៥ដំឡឹង មាស៥ជី បន្តោងពេជ្រ១គ្រាប់ ទំហំ៥លី លុយខ្មែរជាង១៣លានរៀល និងសម្ភារដែលមានក្នុងតូបមួយចំនួន។ តូបទី២-សង់អំពីឈើប្រក់ស័ង្កសីជញ្ជាំងក្តារ មានទំហំ៦x១៥ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ញ៉ឹក សុផល អាយុ៣៧ឆ្នាំ ប្រកបមុខរបរលក់ចាប់ហួយ ខូចខាតសម្ភាររួមមាន លុយដុល្លារជាង ៣ម៉ឺនដុល្លារ លុយខ្មែរជាង ៦លានរៀល និងសម្ភារដែលមានក្នុងតូបមួយចំនួន។ តូបទី៣-សង់អំពីឈើប្រក់ស័ង្កសីជញ្ជាំងក្តារ មានទំហំ៦x៨ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ក្រួច សុផល អាយុ៤៨ឆ្នាំ ប្រកបមុខរបរលក់ចាប់ហួយ ឆេះរោងជញ្ជាំងអស់មួយចំហៀង ពុំមានខូចខាតអ្វីឡើយ សរុបជាទឹកប្រាក់ទាំង៣តូប លុយខ្មែរជាង១៣លានរៀន និងលុយដុល្លារជាង១០ម៉ឺនដុល្លារ។

លោកអធិការបន្តថា មុនពេលកើតហេតុ គេឃើញភ្លើងចាប់ផ្តើមឆាបឆេះ ពីតូបទី១ឈ្មោះ ឈន សុខុន រួចបន្តឆេះយ៉ាងសន្ទោសន្ធៅ បង្កការភ្ញាក់ផ្អើលតែម្តង ក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យ របស់អធិការនគរបាលស្រុកភ្នំក្រវាញ ប្រើប្រាស់ទឹកអស់២ឡាន, រថយន្តសង្គ្រោះរបស់ម្ចាស់ការ៉ាសសាំងផ្លូវបំបែកសំរោង ១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន និងរថយន្តរបស់ក្រុមហ៊ុនម៉ៅការផ្លូវ ពីភូមិអូរឬស្សី មកភូមិបត់រំដួល ប្រើប្រាស់ទឹកអស់១ឡាន ទើបពន្លត់បាន។

តាមការសន្និដ្ឋានជំហានដំបូង អគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕