(ភ្នំពេញ)៖ ដើម្បីចៀសវាងនូវការភន្ត័ច្រឡំពីសាធារណជន អំពីចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលបានសម្រេចផ្តន្ទាទោស និងឃុំខ្លួនទៅលើឈ្មោះ អ៊ុំ សួស្តី ដែលបុគ្គលរូបនេះបានលួចរត់ពីមន្ទីរពេទ្យ ហើយបានប្រព្រឹត្ត​​បទល្មើសជាថ្មី ដែលសមត្ថកិច្ចចាប់ខ្លួនបាននាពេលថ្មីៗនេះ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នេះ សូមបញ្ជាក់ដូចតទៅ៖

តំណាងអយ្យការអមសាលាដំបូង បានសម្រេចចោទប្រកាន់លើឈ្មោះ អ៊ុំ សួស្តី ភេទប្រុស អាយុ៣២ ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ស្លាកលេខសម្គាល់យានយន្តក្លែងក្លាយ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៥ D ផ្លូវលេខ៣៦៨ ភូមិ៩ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមមាត្រា៣៥៣ មាត្រា៣៥៧ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៧៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ២៥០៦ អ.យ.ណ ចុះថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៤១០២ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ហើយត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោយសាលក្រមព្រហ្មទណ្ឌលេខ ២៨២ ក្រ៤ ឃ ភ.ព.ព្រ.ទ ចុះថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៥ ផ្តន្ទាទោសឈ្មោះ អ៊ុំ សួស្តី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣លានរៀល ពីបទលួចមានស្ថានទម្ងន់ទោស កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ស្លាកលេខសម្គាល់យានយន្តក្លែងក្លាយ ប្រព្រឹត្តនៅចំណុចផ្ទះលេខ ៥D ផ្លូវលេខ ៣៦៨ ភូមិ៩ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ តាមមាត្រា៣៥៣ មាត្រា៣៥៧ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៧ នៃច្បាប់ស្តីពីចរាចរណ៌ផ្លូវគោក ។

កំឡុងពេលឈ្មោះ អ៊ុំ សួស្តី ជាប់ឃុំក្នុងពន្ធនាគារ ប្រធានមណ្ឌលអប់រំកែប្រែទី១ បានជូនរបាយការណ៍មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ស្តីពីការបញ្ជូនឈ្មោះ អ៊ុំ សួស្តី ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលឃុំខ្លួននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលបុគ្គលរូបនេះមាន ជំងឺចុកពោះខាងស្តាំផ្នែកខាងលើ ត្រូវបានសង្រ្គោះបន្ទាន់ដោយបញ្ជូនទៅបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ដោយស្ថិតនៅក្រោមការយាមការពារដោយមន្រ្តីអនុរក្សពន្ធនាគារ។

ស្រាប់​តែ​នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ មណ្ឌលអប់រំកែប្រែទី១ បានជូនរបាយការណ៍មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្តីពីការរត់គេចខ្លួនបាត់ របស់ឈ្មោះ អ៊ុំ សួស្តី ភេទប្រុស អាយុ៣៣ឆ្នាំ នៅវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ក្នុងកំឡុងពេលស្នាក់នៅនិងព្យាបាល ជំងឺមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលស្ថិតក្រោមការយាមការពាររបស់មន្រ្តីអនុរក្សពន្ធនាគារ។

អយ្យការ​​អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៤ អយឃ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ លើឈ្មោះ អ៊ុំ សួស្តី ភេទប្រុស អាយុ៣២ឆ្នាំ ដែលបានរត់គេចខ្លួន ហើយបានសម្រេចចោទប្រកាន់លើឈ្មោះ អ៊ុំ សួស្តី ភេទប្រុស អាយុ ៣២ ឆ្នាំ ពីបទ អំពើដែលប្រដូចទៅនឹងអំពើលួចរត់ ប្រព្រឹត្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ តាមមាត្រា ៥៦០ មាត្រា ៥៦១ និងមាត្រា ៥៦២ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យ ស៊ើបសួរលេខ ២៦៩៤ អ.យ.ឃ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៥ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ​ ៣២៦៩ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ បញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣២(ប) ដចខ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ លើឈ្មោះ អ៊ុំ សួស្តី ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលបានរត់គេចខ្លួន។

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានជំនុំជម្រះ និងសម្រេចដោយសាលក្រមព្រហ្មទណ្ឌ(កំបាំងមុខ)លេខ ១៥៦៨ (ភ) ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ដោយផ្តន្ទាទោសឈ្មោះ អ៊ុំ សួស្តី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់១ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ពីបទ អំពើដែលប្រដូចទៅនឹងអំពើលួចរត់ ប្រព្រឹត្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាមមាត្រា៥៦០ មាត្រា៥៦១ និងមាត្រា ៥៦២ នៃក្រមព្រហ្មទណ្ឌ៕