(ពោធិ៍សាត់)៖ ពលរដ្ឋខ្មែរម្នាក់ ត្រូវបានទាហានឈុតខ្មៅថៃចាប់ខ្លួន ហើយបក្ខពួក ៥នាក់ទៀត បានរត់គេចខ្លួន ពេលពួកគេលួចឆ្លងដែនចូលកាប់ឈើ គ្រញូងក្នុងទឹកទឹកដីថៃ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចច្រកផ្លូវលេខ៥៦ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ ជា ជួន មេបញ្ជាការរងវរការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ ងារ Fresh News ឲ្យដឹងមុននេះថា នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នេះ មានទាហានថៃ កងរយលេខ៥៣១ ឈរជើងទល់មុខប៉ុស្តិ៍ច្រកផ្លូវ៥៦ បានផ្តល់ព័ត៌មានថា មានពលរដ្ឋខ្មែរម្នាក់ ក្នុងចំណោម៦នាក់ ត្រូវបានចាប់ខ្លួន ខណៈលួចឆ្លងដែនចូលកាប់ឈើគ្រញូងក្នុងទឹកដីរបស់គេ។

លោកមេបញ្ជាការស្តីទីបានបន្តថា ក្រោយទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងចុះទៅដល់កងរយលេខ៥៣១ ដើម្បីស្រាវ ជ្រាវសួរនាំ និងធានាយកខ្លួនជនសង្ស័យ ដើម្បីមកអនុវត្តន៍ច្បាប់របស់ប្រទេសយើងវិញ ក៏ប៉ុន្តែខាងភាគីថៃមិនយល់ស្រប ពោលគេយកទៅអនុវត្តច្បាប់របស់ប្រទេសគេសិន។

លោកមេបញ្ជាការរងបានបន្តទៀតថា ក្រោយការសួរនាំជនសង្ស័យដែលលួចឆ្លងដែនចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃនោះ មានឈ្មោះ លី ភារៈ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីកន្លែងកំណើតក្នុងភូមិស្រែវាល ឃុំស្រែវាល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្នទៅស្នាក់នៅបណ្តោះអាសន្នជាមួយប្រជាពលរដ្ឋឈ្មោះ អាត ជាប្តី និងឈ្មោះ ចាន់ នី ជាភរិយា ក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

គួរបញ្ជាក់ថា ជនសង្ស័យដែលឆ្លងដែនកាប់ឈើគ្រញូង ក្នុងទឹកដីថៃមានគ្នា ៦នាក់ ហើយត្រូវបានទាហានឈុតខ្មៅថៃ ឃាត់ខ្លួនបានម្នាក់ និង ៥នាក់ទៀតបានរត់រួច។ ជនសង្ស័យដែលឃាត់ខ្លួន ត្រូវបានបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តត្រាត។

ដោយឡែកអ្នកដែលរត់រួចនោះ កម្លាំងវរ៨២៥ សហការជាមួយកម្លាំងប៉ុស្តិ៍ថ្មដា និងកម្លាំងប៉ុស្តិ៍ច្រកផ្លូវ៥៦ កំពុងតាមរក ដើម្បីនាំខ្លួនមកអនុត្តន៍តាមនីតិវិធី៕