(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានជូនដំណឹងថា ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ១១៥វ៉ុល ដែលបញ្ជូនអគ្គិសនីចេញពីខេត្តកណ្តាល ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងខេត្តស្វាយរៀង ត្រូវបានសាងសង់រួចរាល់ និងសាកល្បងបញ្ជូនអគ្គិសនី ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នេះតទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ដែល Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់នេះ នឹងរត់កាត់ស្រុកចំនួន១០ ក្នុងខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង។ ស្រុកដែលរត់កាត់នោះរួមមាន៖ ស្រុកស្អាង កៀនស្វាយ ពាមរក៍ បាភ្នំ ព្រះស្តេច កំពង់ត្របែក ស្វាយជ្រុំ ស្វាយទាប រំដួល និងចន្ទ្រា។

អគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ខ្សែបញ្ជូនចរន្តឆ្លងកាត់ត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវឡើងបង្គោល ប៉ះពាល់បង្គោលបញ្ជូនចរន្តអគ្គិសនីនោះទេ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។

សូមបញ្ជាក់ថា ការដាក់ឲ្យដំណើរការខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់នេះ គឺជាជោគជ័យថ្មីមួយរបស់អគ្គិសនីកម្ពុជា ក្នុងការចែកចាយ និងផ្គត់ផ្គង់ថាមពលដល់ប្រជាពលរដ្ឋខ្មែរនៅតាមទីជនបទ។ ជាពិសេសការផ្គត់ផ្គង់អគ្គិសនីទៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ពីព្រោះការផ្គត់ផ្គង់អគ្គិសនីនៅតំបន់នេះពីមុនមក គឺមានតែការទិញពីប្រទេសវៀតណាមតែប៉ុណ្ណោះ។ ក្រោយពេលបណ្តាញតង់ស្យុងខ្ពស់ដាក់ឲ្យដំណើរការ គឺអាចទាញថាមពលពីវារីអគ្គិសនីនានានៅក្នុងប្រទេសកម្ពុជា៕