(ភ្នំពេញ)៖ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយទីភ្នាក់ងារចលនវត្ថុ Century 21 Cambodia ដើម្បីបណ្តុះបណ្តាលភ្នាក់ងារអចលនវត្ថុនៅក្នុងប្រទេសកម្ពុជា។

ពិធីនេះធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ ក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ អគ្គនាយក អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទាំងពីរស្ថាប័ន សមាគមអ្នកវាយតម្លៃនិងភា្នក់ងារអចលនវត្ថុកម្ពុជា ភ្ញៀវជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

ទស្សនៈវិស័យក្នុងការបង្កើតភាពជាដៃគូររវាងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង Century 21 Cambodia លើការផ្តល់ជូនវគ្គបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុនេះ ក្នុងគោលបំណងរួមមួយ គឺការលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈរបស់ភ្នាក់ងារ និង ក្រុមហ៊ុនអចលនវត្ថុនៅកម្ពុជា ដើម្បីទទួលបាននូវទំនុកចិត្តខ្ពស់ពីអ្នកវិនិយោគ។  

វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុនេះ នឹងផ្តល់ការបណ្តុះបណ្តាលប្រកបដោយភាពច្បាស់លាស់ ទៅភ្នាក់ងារអចលនទ្រព្យ ដើម្បីផ្តល់សេវាកម្មប្រកប ដោយវិជ្ជាជីវៈត្រឹមត្រូវជូនទៅដល់អតិថិជនគ្រប់មជ្ឍដ្ឋាន។

តាមរយៈការឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមមិនត្រឹមតែទទួលបាននូវចំណេះដឹង និង បទពិសោធន៍ពីវាគ្មិនប៉ុណ្ណោះទេ តែសិក្ខាកាមទាំងនោះ ក៏នឹងត្រូវបានទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេសពួកគេនឹងមានឱកាសទទួល បានអាជ្ញាប័ណ្ណស្របច្បាប់ ចេញដោយអគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  ដើម្បីប្រកបអាជីពជាភ្នាក់អចលនវត្ថុដោយស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៧ កន្លងទៅ ដោយពិនិត្យឃើញពីសក្តានុពល ការរីកចម្រើនឥតឈប់ឈរ និងការខិតខំប្រឹងប្រែង របស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់សិទ្ធបណ្តុះបណ្តាលវគ្គសិក្សានានាពាក់ព័ន្ធនឹងភ្នាក់ងារ និងអ្នកវាយតម្លៃអចលនវត្ថុ ជូនដល់សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការបណ្តុះបណ្តាលស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងន័យនេះ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំ និងការប្រព្រឹត្តទៅនៃវគ្គបណ្តុះបណ្តាលសំខាន់ៗពាក់ព័ន្ធនឹងភ្នាក់ងារ និងអ្នកវាយតម្លៃអចលនវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធធានាឱ្យបាននូវគុណភាព និងប្រសិទ្ធិភាពនៃវគ្គបណ្តុះបណ្តាល ដែលស្តែងឡើងតាមរយៈចំណេះដឹងរបស់សិក្ខាកាម ក្រមសីលធម៌ សុច្ចរិតភាព និងភាពជឿរទុកចិត្ត ពីសំណាក់ម្ចាស់ក្រុមហ៊ុន វិនិយោគិនក្នុងស្រុក និង បរទេស។

វគ្គបណ្តុះបណ្តាលពិតជាមានសារៈសំខាន់ មិនត្រឹមតែសម្រាប់បុគ្គល ដែលមានបំណង ឬបានប្រកបរបរជាភ្នាក់ងារអចលនវត្ថុប៉ុណ្ណោះទេ តែថែមទាំងផ្តល់ប្រយោជន៍យ៉ាងធំធេងដល់ម្ចាស់ក្រុមហ៊ុនអចលនវត្ថុ និងសេដ្ឋកិច្ចជាតិទាំងមូលឱ្យមានការរីកចម្រើនទៀតផង។

សាកលវិទ្យាល័យពិតជាសង្ឃឹមយ៉ាងមុតមាំថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងនាំមកនូវភាពជោគជ័យបន្ថែមទៀត ពិសេសនឹងទទួលបានការគាំទ្រពីសំណាក់ភ្នាក់ងារ ក្រុមហ៊ុនអចលនវត្ថុ សមាគមអ្នកវាយតម្លៃនិងភា្នក់ងារអចលនវត្ថុកម្ពុជា វិនិយោគទុនជាតិ និង អន្តរជាតិ ដែលជាចំណែកដ៏សំខាន់ និង មិនអាចខ្វះបានសម្រាប់ការប្រព្រឹត្តទៅរបស់វគ្គបណ្តុះបណ្តាលនីមួយៗ៕