(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធាន កិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ រួមជាមួយគណៈកម្មការអនុសាខាខណ្ឌ ក្រុមការងារកាកបាទក្រហមសង្កាត់ ភូមិ បាននាំអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥០គ្រួសារ នៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

លោកអភិបាលខណ្ឌ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អំពីការយកចិត្តទុកដាក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងផ្តាផ្ញើ​ការសាកសួរ​សុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូន​ដែលជាជនក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ និងជនងាយរងគ្រោះនានា ព្រមទាំងពាំនាំការយកចិត្តទុកដាក់ពីសំណាក់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាលតែងគិតគូ​ដល់ការលំបាក​របស់បងប្អូន​ប្រជាពលរដ្ឋនានាក្នុងមូលដ្ឋាន។ 

លោកអភិបាល ក៏បានផ្តាំផ្ញើឲ្យបងប្អូនទាំងអស់ ជាពិសេសលោកយាយលោកតាចាស់ៗ សូមថែរក្សាសុខភាពតាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីឲ្យ​មានសុខភាពល្អ អាយុយឺនយូរ បានបន្តមើលការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន។ 

អំណោយដែលត្រូវបានចែកជូនក្នុងឱកាសនោះក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត០១កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារ៉ុង១) និងថវិកា ៣ម៉ឺនរៀល៕