(ភ្នំពេញ)៖ លោក ម៉ង់ ពុធី ហៅឌិន ពុទ្ធី សកម្មជនដ៏សកម្មរបស់គណបក្សសង្គ្រោះជាតិ និងជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្រុងប៉ោយប៉ែត ដែលពេលថ្មីៗនេះ មានជម្លោះក៏កក្រើក ជាមួយនាយករងប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បានដាក់ពាក្យសុំចាកចេញពីគណបក្សប្រឆាំងហើយ។ នេះបើយោងតាមលិខិតលាឈប់របស់លោក ឌិត ពុទ្ធី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។

តាមលិខិតនេះ លោក ឌិន ពុទ្ធី បានពន្យល់ហេតុផលថា លោកគ្មានពេលគ្រប់គ្រាន់ដើម្បីបម្រើបក្សតទៅទៀត ពីព្រោះជាប់រវល់ការងារសមាគមរបស់លោក។

សូមជំរាបថា កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅត្រង់ក្បាលស្ពាន​មិត្តភាពកម្ពុ​ជា​-ថៃ​ ច្រកទ្វារអន្ត​រជាតិប៉ោយប៉ែត​ រវាងថយន្តម៉ាក LEXUS RX300 ពាក់ស្លាក់លេខ ប-ជ 2A 5484 ពណ៌ស្ករ បើកបរដោយ លោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយ លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប៉ោយប៉ែត ដែលចុះរៀបចំសណ្ដាប់ធ្នាប់នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ។

ករណីនេះសមត្ថកិច្ចក៏បាន ឃាត់ខ្លួន លោក ឌិន ពុទ្ធី អ្នកបើកបររថយន្តបញ្ជូនទៅតុលាការភ្លាមៗផងដែរ ហើយតុលាការខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួន លោក ឌិន ពុទ្ធិ បណ្តោះអាសន្នតែម្តង តែក្រោយមកត្រូវបានសាលាឧទ្ធរណ៍សម្រេចដោះលែងវិញ។

ខាងក្រោមនេះ ជាលិខិតសុំលាលែងពីគណបក្សសង្គ្រោះជាតិ របស់ លោក ឌិន ពុទ្ធី៖