(កណ្ដាល)៖ មន្រ្តីរដ្ឋបាលជលផលខេត្តកណ្ដាល បានសហការជាមួយនឹងកម្លាំងចម្រុះ បានបើកប្រតិបត្តិការបង្ក្រាប បទល្មើសនេសាទចំនួន៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតក្នុងមូលដ្ឋានស្រុកល្វាឯម ខេត្តកណ្ដាល ដោយបានរឹបអូសឧបករណ៍នេសាទ​ ខុសច្បាប់ជាច្រើន ដុតបំផ្លាញចោល នៅនឹងកន្លែង និងបានធ្វើការអប់រំណែនាំ ដល់បងប្អូនប្រជាពលរដ្ឋឲ្យ​ធ្វើការស្វែងយល់ កាន់តែច្បាស់ ពីការធ្វើនេសាទ ក្នុងតំបន់របស់ខ្លួន ជៀសវាងការដាក់ឧបករណ៍ខុសច្បាប់នានា ដែលរដ្ឋបាលជលផល បានហាមឃាត់។

លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្ដាល បានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃនេះថា បន្ទាប់ពីមានការចង្អុលបង្ហាញ ពីគណៈបញ្ជាការឯកភាពខេត្ត លោក ម៉ៅ ភិរុណ, ប្រធានរដ្ឋបាលជលផល លោក​ អេង ជាសាន្ត និង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចមក កម្លាំងរបស់លោក បានសហការជាមួយនឹងកម្លាំងចម្រុះ មូលដ្ឋានក្នុងស្រុកល្វាឯម បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបបទល្មើសនេសាទ ចំនួន៣ថ្ងៃជាប់ៗគ្នា ក្នុងទឹក​ដីស្រុកល្វាឯម ដោយបានរឹបអូស ឧបករណ៍នេសាទខុសច្បាប់​ជាច្រើន ដុតបំផ្លាញចោល។

លោកបន្តថា យ៉ាងណាមិញ បន្ទាប់ពីបង្ក្រាប ដោយទទួលបានលទ្ធផលជាច្រើនរួចមក មន្រ្តីរដ្ឋបាលជលផល បានធ្វើការប្រជុំណែនាំ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីឲ្យបានជ្រាបច្បាស់ ពីការនេសាទ ការប្រើឧបករណ៍នេសាទ និងរដូវនេសាទជាដើម ក្នុងន័យឲ្យពួកគាត់ជៀសវាងបាន នូវការប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ដែលរដ្ឋបាលជលផល បានហាមឃាត់ ហើយអាចមានទោសដល់ខ្លួន។

បន្ទាប់ពីបើកកិច្ចពិភាក្សារួមរួចមក ទើបរកឃើញថា ពលរដ្ឋដែលបានប្រើឧបរណ៍​នេសាទខុសច្បាប់នោះ គឺភាគច្រើនទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតូចៗតាមភូមិ និងប្រជាពលរដ្ឋដូចគ្នា ដែលបានផ្ដល់ឲ្យពួកគាត់ ដោយមិនបានធ្វើការតាមដានឲ្យច្បាស់លាស់ថា ប្រាក់ដែលគាត់បានខ្ចីនោះ យកទៅធ្វើអ្វីខ្លះ ហើយមុខរបរនោះ ស្របច្បាប់ឬអត់? យ៉ាងណាមិញ ដោយសារតែលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ជាប្រធានគណៈពង្រឹង​ក្នុងមូលដ្ឋាននេះផ្ទាល់ និងទទួលបានសំណូមពរពីបងប្អូន ប្រជាពលរដ្ឋឲ្យជួយសម្រួល បញ្ហានេះ ទើបលោករដ្ឋមន្រ្តីបានបញ្ជាឲ្យ នាយខណ្ឌរដ្ឋបាលជលផលខេត្ត បើកការស៊ើបអង្កេតបញ្ហាមិនប្រក្រតីទាំងនោះ និងបង្ក្រាបបទល្មើស ភ្លាមៗផងដែរ។

លោក វ៉ិត ធារិទ្ធ បានសង្កត់ធ្ងន់ថា លោកសូមអំពាវនាវដល់ បណ្ដាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតូចៗតាមភូមិ មួយចំនួន និងអ្នកភូមិដូចគ្នា ដែលបានផ្ដល់ប្រាក់កម្ចីឲ្យដល់ពលរដ្ឋ ទិញឧបករណ៍នេសាទ ខុសច្បាប់ យកទៅប្រើប្រាស់ មេត្តាបញ្ឈប់សកម្មភាពនេះ ជាបន្ទាន់ ព្រោះបើលោករកឃើញថា មាន​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​តាមភូមិ នៅបន្តផ្ដល់ប្រាក់កម្ចី ក្នុងរូបភាពបែបនេះទៀត លោកនឹងរៀបចំសំណុំបែបបទ និងឯកសារផ្សេងៗប្ដឹង​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬអ្នកភូមិនោះ ទៅតុលាការតែម្ដង។

ប៉ុន្តែទោះជាយ៉ាងណា លោកក៏បានទទូចសំណូមពរ ដល់បងប្អួនអាជីវករលក់ឧបរណ៍ នេសាទខុសច្បាប់ ក៏ដូចជាប្រជាពលរដ្ឋ​ មេត្តាឈប់ប្រព្រឹត្តិបទល្មើសនេសាទ ឬប្រើឧបករណ៍នេសាទខុសច្បាប់ ដែលរដ្ឋបាលជលផលបានហាមឃាត់ ដើម្បីទុកទិន្នផលត្រី ឲ្យទទួលបានផលល្អប្រសើរ ក្នុងរដូវបើកនេសាទ និងជាការចូលរួមចំណែកលើកកម្ពស់ សេដ្ឋកិច្ចជាតិទាំងមូល ផងដែរ៕