(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងថា លោកប្រធានាធិបតីម៉ិកស៊ីកូ អេនរីគ ផេណា នាតូ (Enrique Pena Nieto) គួរតែលុបដំណើរទស្សនកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោន នាពេលឆាប់ៗ ខាងមុខចោលវិញទៅ ប្រសិនបើនៅតែ​ប្រកាន់ ជំហរជាប់មិនព្រមធ្វើការចំណាយលើការ សាងសង់ជញ្ជាំងព្រំដែន រវាងប្រទេស ទាំងពីរទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ​ព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកមានឱនភាព ពាណិជ្ជកម្មចំនួន​​​៦០ពាន់លានដុល្លារជាមួយនិងប្រទេសម៉ិកស៊ីកូ ហើយតាំងតែពីដំបូងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង​បណ្តា​ប្រទេស​នៅ​តំបន់​អា​មេ​រិក​ខាង​ជើង (NAFTA)​ មានភាពលម្អៀង ដែលបានធ្វើឲ្យអាមេរិកបាត់បង់ក្រុមហ៊ុន និងការងារជាច្រើន។ ដូច្នេះបើសិនជាម៉ិកស៊ីកូ ពុំមានឆន្ទៈ​ចំណាយ ថវិកាលើការកសាងជញ្ជាំងដ៏ចាំបាច់នេះទេនោះ វាគឺជារឿងប្រសើរបំផុតក្នុងការលុបចោល ជំនួប​ពិភាក្សានាពេលខាងមុខនេះ»

គួរជំរាបថា លោក ដូណាល់ ត្រាំ បានបញ្ជាក់ពីជំហរផ្លូវការរបស់ខ្លួន​តែម្តង​ ទៅលើគំរោងកសាងជញ្ជាំងព្រំដែនដោយលោក​ទាមទារ​ឲ្យ​ប្រទេសម៉ិកស៊ីកូ «ចេញថ្លៃកសាង​ឲ្យបាន​១០០%ពេញតែម្តង» ចំពោះគំរោងទាំងមូល ក៏ប៉ុន្តែលោក អេនរីគ ផេណា នាតូ បានបញ្ជាក់​ជាថ្មីនិងដដែលៗ​ម្ដងទៀតថាម៉ិកស៊ីកូនឹងមិនចេញថ្លៃសាងសង់ ជញ្ជាំងព្រំដែនរបស់លោក ដូណាល់ ត្រាំ ជាដាច់ខាត»៕