(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានថ្លែងប្រាប់ Fresh News ថា ចោរប្លន់ប្រដាប់ អាវុធបាញ់សម្លាប់បុរសម្នាក់នៅជិតផ្សារសុវណ្ណាទើបចាប់ខ្លួនបាននោះ ធ្លាប់បានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៨ឆ្នាំកាលពីពីរឆ្នាំមុន តែទណ្ឌិតរូបនេះ បានលួចរត់គេចខ្លួននៅពេលមន្រ្តីពន្ធនាគារនាំទៅព្យាបាលជំងឺហើយក៏បានចេញ ដីការឲ្យតាមចាប់ខ្លួនជាថ្មីផងដែរ។ លោក លី សុវណ្ណា បានបញ្ជាក់ទៀតថា មិនមានការឃុបឃិតណាមួយក្នុងការ ដោះលែងជនល្មើសរូបនេះ ដូចការចោទប្រកាន់របស់មន្រ្តី នគរបាលឈ្មោះ ទូច បុភាព នោះឡើយ។

ការចេញមកប្រតិកម្ម និងច្រានចោលការចោទប្រកាន់របស់លោក លី សុផាន់ណា បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមន្រ្តី នគរបាល ទូច បូភាព បានចោទប្រកាន់ថា ក្រុមចោរប្លន់ប្រដាប់អាវុធ ដែលគេចាប់បញ្ជូនទៅតុលាការដោយផ្ទាល់ដៃរូបនេះ បានរួចខ្លួនវិញ ព្រោះតែមានការរៀបចំសំណុំរឿងដោះលែងពីមន្រ្តីតុលាការ។

មន្រ្តីនគរបាល ទូច បូភាព បានបញ្ជាក់លើ Facebook របស់ខ្លួនយ៉ាងដូច្នេះ «ពួកខ្ញុំទើបតែចាប់ខ្លួនថ្ងៃមុនសោះ ប្លន់ឡាន Camry 07 ពីកំពង់ចាម មកភ្នំពេញ។ មិនទាន់បាន២ឆ្នាំស្រួលបួលផង ចេះសីល្ប៍ហែកទ្វារគុគចេញបាត់។ ទោសស្រាលពេកត្រឹមតែបទល្មើសប្លន់ដោយប្រើអាវុធ បើទោសធ្ងន់ គឺពួកឆក់ត្រីយកទៅស៊ីដើម្បីរស់»។ កងកម្លាំងម្នាក់ៗ គ្មានបានដេកពួន អីទេទម្រាំចាប់បាន ស្រាប់តែពេលពួកអស់លោកជញ្ជីងគាត់ចេញពីឱបស្រីក្នុង karaoke មកយកប៊ិចស៊ីញ៉េខ្វាច់ ដោះលែងអស់ ឃឹមអីទៀតស្រែខ្មុក ចឹងបានជាពួកគាត់ចាយលុយដូចក្រដាស ជិះ៥៧០ នៅសុទ្ធតែស្វីលឡា ចញ្ចឹមស្រីក្មេង៤-១០នាក់លេង»។

ក្រោយការចេញផ្សាយនូវការចោទប្រកាន់នេះ លោក លី សុផាន់ណា កីបានចេញមកបញ្ជាក់យ៉ាងដូច្នេះ «បន្ទាប់ពីមន្រ្តីនគរបាលមួយរូបបានបង្ហោះផ្សាយនៅក្នុងហ្វេសបុករបស់ខ្លួន ពីករណីចោរប្លន់ដែលបានធ្វើសកម្មភាព ហើយសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃនេះ បង្កឲ្យមានការភន្ត័ច្រឡំពីសាធារណជនទៅលើការអនុវត្តទោសក្នុងសំណុំរឿងកន្លងមក។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញសូមបញ្ជាក់ជូនថា៖ ជនល្មើសឈ្មោះ អ៊ុំ សួស្តី ហៅក្បាលពោះធំ ជាទណ្ឌិត ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស។ អំឡុងពេលអនុវត្តទោសក្នុងពន្ធនាគារ ទណ្ឌិតរូបនេះ បានសុំទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ហើយបានរត់គេចខ្លួននៅពេលបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។ តុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនទណ្ឌិតរូបនេះមកអនុវត្តទោស ហើយកំពុងអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនមកដល់ពេលនេះ ស្រាប់តែទណ្ឌិតរូបនេះបង្ហាញខ្លួន និងប្រព្រឹត្តបទល្មើសថ្មីបន្ថែមទៀត។ តុលាការបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ និងនីតិវិធីក្នុងការសម្រេចផ្តន្ទាទោស និងអនុវត្តទោសទៅលើទណ្ឌិតរូបនេះ»

សូមបញ្ជាក់ថា ខ្មាន់កាំភ្លើង និងបក្ខពួកសរុប ២នាក់ ដែលបានប្លន់ និងបាញ់សម្លាប់បុរសម្នាក់ ហើយធ្វើឲ្យនារី២នាក់រងរបួសធ្ងន់ស្រាល នៅជិតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីសប្ដាហ៍មុន ធ្វើឲ្យកក្រើកពេញបណ្តាញសង្គម Facebook តាមរយ:វីដេអូយ៉ាងសហាវនោះ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ហាញមុខសាធារណៈ មុនបញ្ជូនឡើងតុលាការចាត់ការតាមនីតិវិធី។

ការបង្ហាញមុខក្រុមចោរប្លន់បាញ់សម្លាប់នេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ផ្កាយ៣ សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីនគរបាលពាក់ព័ន្ធមួយចំនួនទៀត។

ជនដៃដល់ដែលបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អ៊ុំ សួស្ដី ហៅ ពៅក្បាលធំ និងម្នាក់ទៀតឈ្មោះ ចាន់ សុវណ្ណ ហៅប៉ែត (ចាប់បានពីរនាក់ ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន)។

មន្ដ្រីនគរបាល បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការតាមវែកមុខ និង ឃាត់ខ្លូនក្រុមប្លន់ប្រដាប់អាវុធដ៏សកម្មនៅក្នុងរាជធានីភ្នំពេញ បានធ្វើឡើងដោយមានកិច្ចសហការវាង កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌចំការមន ជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

មន្ដ្រីនគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន កាលពីម៉ោង១៣៖៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ០០១ ផ្លូវទ្រុងមាន់ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជាមួយការឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន អាវុធ៣ដើម (M16កាត់០១ដើម, ម៉ាក Bareta ចំនួន០១ដើម និងមួយដើមទៀត ប្រភេទអាវុធខ្លី មិនស្គាល់ម៉ាក)។

សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧កន្លងទៅ មានករណីតាមប្លន់ដល់មុខផ្ទះ ស្ថិតនៅក្បែរសុវណ្ណា ខណ្ឌចំការមន។ ករណីប្លន់នេះ ក្រុមជនសង្ស័យដែលមានគ្នា៣នាក់ បានប្រតាយប្រតប់យកកាបូប ហើយបាញ់បុរសម្នាក់ ដែលព្យាយាមបើកឡានបុកពួកគេឲ្យស្លាប់បាត់បង់ជីវិត ខណៈដែលនារី២នាក់ទៀត ត្រូវជនសង្ស័យទាត់ធាក់ ឲ្យរងរបួសធ្ងន់ស្រាល។

ក្រុមជនសង្ស័យ ដែលសមត្ថកិច្ចទើបចាប់ខ្លូនបាននេះ ក៏ត្រូវបាននារីរងគ្រោះផ្សេងទៀតអះអាងថា ធ្លាប់បានធ្វើសកម្មភាពប្លន់ពូកគេផងដែរ កាលពីខែធ្នូ ឆ្នាំ២០១៦ តែប្លន់មិនបានសម្រេចព្រោះក្រុមជនរងគ្រោះបានបើករថយន្ដចូលផ្ទះទាន់ពេលវេលា៕