(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ក្រុមការងារមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ក្រុងប៉ៃលិន ដឹកនាំដោយលោក ហុក សុផល ប្រធានក្រុមការងារក្រុងប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ រំលែកទុក្ខនិងនាំយកថវិកាមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន ផ្តល់ជូនដល់គេហដ្ឋានប្រជាពលរដ្ឋផ្ទាល់ចំនួន ១២គ្រួសារ នៃសង្កាត់ទាំង៣ ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសនោះក្រុមការងារបាននាំបណ្តាំផ្ញើសួរសុខទុក្ខ និងរំលែកទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ជូនចំពោះគ្រួសារប្រជាពលរដ្ឋទាំង១២គ្រួសារ ដោយសម្តេចក្រឡាហោម និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ តែតែងគិតគូយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

សូមបញ្ជាក់ថា មូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន បង្កើតឡើង ដើម្បីជួយសម្រាលការលំបាក និងចូលរួមរំលែកទុក្ខគ្រួសារ ប្រជាពលរដ្ឋរស់នៅអចិន្រ្តៃយ៍ក្នុងខេត្ត ដែលបានសម្រាលកូន និងប្រជាពលរដ្ឋទទួលមរណភាព ដោយមិនប្រកាន់និន្នាការនយោបាយសាសនាឡើយ។ ហើយប្រជាពលរដ្ឋទាំង១២គ្រួសារ ក្នុងនោះគ្រួសារសព ២គ្រួសារ ទទួលបានថវិកាឧបត្ថម្ភ និងថវិកាចូលរួមរំលែកទុក្ខបុណ្យសព ពីមូលនិធិមនុស្សធម៌សម្តេចក្រឡាហោមនាពេលនេះ មួយគ្រួសារៗ ទទួលបានថវិកា ២០០,០០០រៀល (ម្ភៃម៉ឺនរៀលគត់)៕