(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមករានេះ បានអនុញ្ញាតឲ្យលោក Oh Sei Yong ប្រធានក្រុមហ៊ុន Kolao Group មកពីសាធារណៈរដ្ឋកូរ៉េ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការ គណៈរដ្ឋមន្ត្រី។

នៅក្នុងឱកាសនោះ លោក Oh Sei Yong បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែនថា លោកមានគម្រោងបើកជាធនាគារមួយ ដើម្បីឲ្យអតិថិជនខ្ចីលុយទិញរថយន្ត នៅក្រុមហ៊ុនរបស់លោកតែម្ដង។ ក្រុមហ៊ុនរបស់លោកនឹងមានការផលិតឲ្យជាបំណែករថយន្តផងដែរ នៅក្នុងតំបន់សេដ្ឋកិច្ចរបស់លោក ហើយក្រុមហ៊ុនរបស់លោក មានបំណងវិនិយោគនៅតំបន់សេដ្ឋកិច្ច ពិសេសដែលក្នុងនោះ នឹងរៀបចំ ឲ្យមានជារោងចក្រដំឡើងរថយន្តគ្រប់ប្រភេទ រួមទាំងម៉ូតូផងដែរ។

ប្រធានក្រុមហ៊ុនរូបនេះបន្តថា អ្វីដែលលោកធ្វើគឺស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា។ ក្នុងន័យនេះ លោកក៏បានគោរព ស្នើសុំសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយគាំទ្រគម្រោងវិនិយោគរបស់លោកនៅប្រទេសកម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជាគោលការណ៍សម្ដេចគាំទ្រលើគម្រោងវិនិយោគនេះ ព្រោះគម្រោងបែបនេះ បានដំណើរការ ជាច្រើនមកហើយ នៅសល់បែបបទបន្ថែមសម្ដេចបានលើកទឹកចិត្តឲ្យបន្តធ្វើការជាមួយ សុខ ចិន្ដាសោភា ដែលជាអគ្គលេខាធិការ ក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា។

សម្ដេចបានមានប្រសាសន៍ទៀតថា ការលើកទឹកចិត្តលើការវិនិយោគនេះ គឺអាចផលិតរថយន្តនៅព្រះរាជាណាចក្រកម្ពុជាផង ដើម្បីបំពេញតម្រូវការ ក្នុងស្រុកផង និងសម្រាប់ការនាំចេញផង។

ជាការកត់សំគាល់ លោក Oh Sei Yong ប្រធានក្រុមហ៊ុន Kolao Group បានមកកាន់កម្ពុជា កាលពីឆ្នាំ១៩៩២ហើយ លោក Oh ថា រហូតមកដល់ពេលនេះ លោកឃើញកម្ពុជា មានការផ្លាស់ប្ដូរទាំងស្រុងទាំងតែម្ដងក្រោមការដឹកនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ រួមមានកសិកម្ម សំណង់ ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។ ការរីកចម្រើនទាំងអស់នេះហើយ ដែលធ្វើឲ្យ លោកមានជំនឿជឿជាក់យ៉ាងខ្លាំង លើការវិនិយោគទុន នៅប្រទេសកម្ពុជា៕