(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងដោយសង្កត់ថា ដល់ពេលត្រូវកំណែទំរង់ក្នុងអង្គភាពហើយ ដូច្នេះនាយទាហាន នាយទាហានរងទាំងអស់ ត្រូវចេះពង្រឹងគ្រប់គ្រង់ការងារសន្តិសុខក្នុងមូលដ្ឋាន និងត្រូវមានមុខនៅក្នុងអង្គភាពជាប្រចាំ។

ការលើកឡើងដោយសង្កត់ធ្ងន់បែបនេះ ក្នុងពេលដែលប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំ ខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០១៧ នៅបញ្ជាការដ្នានព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ ដែលមានលោកប្រធានមន្ទីរ មេបញ្ជការក្រុង-ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យទាំងអស់ ។

លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធខេត្តបានលើកឡើងថា កម្លាំងកងរាជអាវុធហត្ថតាមមូលដ្ឋាន ត្រូវត្រួតពិនិត្យឯកសណ្ឋានឲ្យបានត្រឹមត្រូវមុននិង ចេញប្រត្តិបត្តិការក្នុងនាមយើងជាអ្នកអនុវត្តច្បាប់។ លោកថា ត្រូវគោរពឲ្យបានដាច់ខាតនៅវិន័យយោធា ក្នុងពេលរស់ក្នុងអង្គភាព ក៏ដូចជាការងារប្រត្តបត្តិការ បង្ការ បង្ក្រាប សង្គ្រោះដល់មូលដ្ឋានដែលមានភ្នែកមហាជនកំពង់មើលមកយើង។

លោកបានបញ្ជាក់ថា ត្រូវអនុវត្តឲ្យបានដាច់ខាតលើការងារ បង្ក្រាបគ្រឿងញៀនតាមមូលដ្ឋាន ឲ្យបានខ្លាំងក្លាដោយមិនរាថយឡើយ ហើយក្តាប់ឲ្យបាន នៅក្រុមជន​ទំនើងបង្ក​​អសន្តិសុខ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋភ័យខ្លាចទាំងអស់យកមកអប់រំជាក់ស្តែង ។

លោកឧត្តមសេនីយ៏ត្រី ជូ សារុន បានបញ្ជាក់បន្ថែមទៀតថា ត្រូវបង្កើនការងារបង្ក្រាបការជួញដូរមនុស្ស និងបន្តស្រាវជ្រាវជា ប្រចាំនៅបទល្មើសបំផ្លិច បំផ្លាញធនធាន ធម្មជាតិ ដែលកំពង់កើតមានក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលយ៉ាងចាំបាច់ ដល់ប្រជាពលរដ្ឋ បង្កើនទំនុកចិត្តឲ្យពលរដ្ឋជឿជាក់​មកលើកម្លាំងអាវុហត្ថ​យើងក្នុងសភាពថ្លៃថ្នូរ ម៉ឺងម៉ាត់ រឹងមាំក្នុងឋានៈជាយោធាច្បាប់ និងជាអ្នកអនុវត្តច្បាប់ ៕