(ភ្នំពេញ)៖ រាជធានីខេត្តចំនួន៤ របស់កម្ពុជា ត្រូវបានជ្រើសរើស ដើម្បីអនុវត្តន៍គម្រោងការងារនគរបាល និងសហគមន៍ ដែលគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី លើទឹកប្រាក់ចំនួនជាង៤លានដុល្លារអូស្រ្តាលី។

រាជធានីខេត្តទាំង៤នោះរួមមាន៖ រាជធានីភ្នំពេញ, បាត់ដំបង, ព្រៃវែង និងខេត្តក្រចេះ ដើម្បីធ្វើសកម្មភាព ក្នុងគម្រោងការងារនគរបាល និងសហគមន៍។

ពាក់ព័ន្ធនឹងគម្រោងនេះ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នាអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការ គម្រោងការងារនគរបាល និងសហគមន៍ បានបើកកិច្ចប្រជុំលើកទី១ របស់គណៈកម្មការដឹកនាំ គម្រោងការងារនគរបាល និងសហគមន៍ ដោយមានការចូលរួមពី លោកស្រី Benita Sommerville លេខាទូតទី១ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា លោក John Rennie ប្រធានគម្រោងការងារនគរបាល និងសហគមន៍ (CPI) និងមន្រ្តីគម្រោងជាច្រើនរូបផងដែរ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងក្រោយកិច្ចប្រជុំថា ផែនការអាទិភាពចំនួន៤ ដែលនឹងត្រូវយកទៅអនុវត្តន៍ នៅក្នុងគម្រោង​នេះរួម​មាន៖ ការងារទប់ស្កាត់ និងបង្កាបទល្មើសគ្រឿងញៀន នៅតាមសហគមន៍, ទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាលើស្រ្តី និងកុមារ, បញ្ហាសុវត្ថិភាពនៅមូលដ្ឋាន និងល្បែង​ស៊ីសង។

នាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធ បញ្ចាក់ថា គម្រោងការងារនគរបាល និងសហគមន៍ ដែលជួយគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលីនេះ នឹងជួយឲ្យនគរបាលមូលដ្ឋាន គឺនគរបាលប៉ុស្តិ៍រដ្ឋ និងស្នងការដ្ឋាន​រាជធានី-ខេត្ត មានសមត្ថភាពគ្រប់គ្រាន់ក្នុងការពង្រឹង និងដឹកនាំប៉ុស្តិ៍រដ្ឋបាលឲ្យធ្វើការងារប៉ុស្តិ៍រដ្ឋបាល និងសហគមន៍។

គួរបញ្ជាក់ថា រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ថវិកាចំនួន៤លាន២សែនអូស្តាលី ដល់នគរបាលកម្ពុជា ដើម្បីអនុវត្តន៍នូវគម្រោងការងារនគរបាល និងសហគមន៍នេះ ដើម្បីបង្ហាត់បង្រៀនជួយដល់​នគរបាលកម្ពុជា​បង្កើនការទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសហការគ្នាក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ដែលគម្រោងនេះគឺមានរយៈពេលបីឆ្នាំ៕