(ត្បូងឃ្មុំ)៖ កម្លាំងសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ សហការជាមួយកម្លាំងនគរបាល ដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត និងបានចុះចាប់ម៉ូតូអត់ពន្ធ ដែលបានដាក់លក់ នៅកន្លែងលក់ម៉ូតូ៧ទីតាំង ក្នុងភូមិសាស្ត្រផ្សារជីមាន់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សរុបចំនួន៣២គ្រឿង។

មន្ត្រីគយខេត្តត្បូងឃ្មុំ បានប្រាប់អង្គភាព Fresh News ថា បច្ចុប្បន្នម៉ូតូទាំង៣២គ្រឿង ត្រូវបានដឹកយកមករក្សាទុក ជាបណ្តោះអាសន្ន នៅសាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ និងកំពុងកសាងកំណត់ ហេតុបទល្មើសគយ ដើម្បីស្នើសុំសេចក្តីសម្រេច វិនិច្ឆ័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោក នូ ស៉ីថា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ ដែលដឹកនាំ កម្លាំងចុះចាប់ម៉ូតូអត់ពន្ធនេះ បានអំពាវនាវដល់ម្ចាស់ម៉ូតូ អត់ពន្ធទាំងអស់ឲ្យ ឆាប់រួសរាន់ ចូលខ្លួនមកបំពេញកាតព្វកិច្ចបង់ពន្ធ ដោយស្មគ្រ័ចិត្ត​ ដើម្បីទទួលបានពិន័យអនុគ្រោះ ចៀសវាងការបង្ក្រាបដោយសមត្ថកិច្ចគយនាពេលខាងមុខទៀត៕