(ភ្នំពេញ)៖ លោក Nick Beresford នាយកស្ថានតំណាងអង្គការសហប្រជាជាតិ សម្រាប់កម្មវិធីអភិវឌ្ឍន៍ (UNDP) ប្រចាំនៅកម្ពុជាថ្មី បានប្តេជ្ញាចំពោះមុខ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន ថា នឹងបន្តចូលរួមចំណែក ដល់ការបន្តជំរុញកិច្ចអភិវឌ្ឍន៍នៅកម្ពុជា តាមរយៈការអភិវឌ្ឍន៍ សមត្ថភាពស្ថាប័ន ធនធានមនុស្ស និងការផ្តល់ជំនួយបច្ចេកទេស។

ការប្តេជ្ញាចិត្តរបស់នាយក UNDP ថ្មីនេះ ធ្វើឡើងក្នុងឱកាសដែលលោក ចូលជួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុន្នីរ័ត្ន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ដែលទើបចេញផ្សាយនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ។

ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងក្នុងជំនួបនោះថា «លោក Nick Beresford បានថ្លែងកោតសរសើរចំពោះ សមិទ្ធិផលដែលរាជរដ្ឋាភិបាល សម្រេចបានក្នុងរយៈពេលទសវត្សចុងក្រោយនេះ ពិសេសកំណើនសេដ្ឋកិច្ច ក្នុងល្បឿនលឿនរបស់កម្ពុជា។ លោកនាយកស្ថានតំណាងថ្មី ក៏បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងខិតខំបំពេញ បេសកកម្មតាមអណត្តិកិច្ចរបស់អង្គការ UNDP ដើម្បីបន្តរួមចំណែកគាំទ្ររដ្ឋាភិបាល លើការអភិវឌ្ឍសង្គម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា»

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះ បេសកកម្មការងាររបស់លោក Nick Beresford ក្នុងការបន្តជួយពង្រឹង លើកកម្ពស់កិច្ច សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ រវាងរាជដ្ឋាភិបាលកម្ពុជា ជាមួយអង្គការ UNDP៕

ព័ត៌មានលម្អិត សូមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងស្រុង៖