(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ បានចូលរួមជាអធិបតី ក្នុងពិធីប្រកាស តែងតាំង និងប្រគល់ភារកិច្ចមន្រ្តីរាជការ ចំនួន១៦២រូប ឲ្យទទួលការងារជាប្រធាន អនុប្រធានការិយាល័យ គ្រប់ស្រុក ក្រុង នាយក នាយករង សាលាទាំងបឋម និងមធ្យមសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

ពិធីប្រកាស និងប្រគល់ភារកិច្ចមន្ត្រីរាជការខាងលើនេះ ធ្វើឡើងនៅសាលប្រជុំបណ្តាល័យសាមគ្គីវិទ្យាល័យពោធិ៍សាត់ តាមដីកាលេខ១១ លេខ១២ លេខ១៤ លេខ១៦ និងលេខ២៨ របស់រដ្ឋបាលសាលាខេត្ត និងបានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ មន្ត្រីអប់រំយុវជន និងកីឡាយ៉ាងច្រើនកុះករ។

លោក ម៉ៅ ធនិន បានលើកឡើងថា ការប្រកាសតែងតាំង និងប្រគល់ភារកិច្ច ប្រធាន អនុប្រធានការិយាល័យអប់រំ ថ្នាក់ស្រុក ក្រុង និងនាយក នាយករង ទាំងបឋម និងមធ្យមសិក្សា ដែលចំណុះឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាពេលនេះ គឺវាមិនមានអ្វីប្លែកនោះទេ ព្រោះកន្លងមករដ្ឋបាលខេត្ត បានអនុវត្តរួចមកហើយ ក្នុងការតែងតាំង គឺមានតាំងពីថ្នាក់ដឹកនាំមន្ទីរ អភិបាលស្រុក ក្រុង និងការិយាល័យ ដើម្បីឲ្យយន្តការគ្រប់គ្រងដឹកនាំមានតម្លាភាព និងគុណភាព។ ជាទូទៅយើងទាំងអស់គ្នាបានចាត់ទុកថា មន្ទីរអប់រំ យុវជន និងកីឡា គឺជាគ្រឹះ ជាថ្នាល និងជាពុម្ពដ៏ល្អ និងមានសារៈសំខាន់  ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្ស ឈានទៅអភិវឌ្ឍន៍សង្គមជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោកអភិបាលខេត្ត បានថ្លែងទៀតថា «សុខសន្តិភាព និងស្ថេរភាព តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ធានានូវការអភិវឌ្ឍន៍លើគ្រប់វិស័យ សម្តៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនយើង។ កត្តាដែលយើងផ្តោតការយកចិត្តទុកដាក់សំខាន់នោះ សូមថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់ ដែលបានប្រកាសតែងតាំងនាពេលនេះ គប្បីខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាព ក្នុងការបំពេញតួនាទីភារកិច្ច ក្នុងនាមខ្លួនយើងជាថ្នាក់ដឹកនាំគេ ត្រូវមានព្រហ្មវិហាធម៌ទាំង៤ មានវប្បធម៌ចែករំលែក បង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អ មានមនសិកាស្នោះត្រង់ យោគយល់ឲ្យគ្នា ទៅវិញទៅមក។ ទាំងអស់នេះ គឺជាកិត្តិយស និងភាពថ្លៃថ្នូ របស់លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តទាំងមូល ដែលទទួលបានការសាទរ ពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋជាក់ជាមិនខាន»

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃ របស់លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ដល់អ្នកចូលរួមជាង៣០០នាក់ ក្នុងម្នាក់ៗ ទទួលបានសារុងម្នាក់១ផងដែរ៕