(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះថា ក្រសួងយុត្តិធម៌ នឹងបញ្ជូនសំណើរបស់​តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាក់ទឹងនឹងករណីស្រ្តីរកស៊ីផ្លូវភេទម្នាក់ស្លាប់នោះ ទៅកាន់តុលាការ នៅពេលខាងមុខនេះ។ ប៉ុន្តែលោកសង្ឃឹមថា តំណាងរាស្រ្តដែលបានដាក់សំណើនោះ នឹងចូលរួមក្នុងការផ្តល់សក្ខីកមអំពីរឿងនេះដល់តុលាការ។

លោក គឹម សន្តិភាព បានថ្លែងយ៉ាងដូច្នេះថា «ក្រោយពីទទួលបានលិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក្រសួងយុត្តិធម៌ នឹងបញ្ជូនលិខិតនេះ ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ចែងជាសមត្ថកិច្ច និងសង្ឃឹមថា ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រ ជាហត្ថលេខី ចូលរួមផ្តល់សក្ខីកម្ម ដល់ស្ថាប័នមានសមត្ថកិច្ច ស្របតាមការអះអាង និងសន្និដ្ឋានដែលមានក្នុងលិខិតនេះ!»។

ក្រុមតំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិ នាថ្មីៗនេះ បានស្នើឲ្យរដ្ឋមន្ដ្រីក្រសួងចំនួន៣ ក្នុងនោះរួមមាន៖ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី និងក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ឲ្យស្ដ្រីរកស៊ីផ្លូវភេទម្នាក់ ដែលលង់ទឹកស្លាប់ដោយសាររត់គេចពីការរៀបចំសណ្ដាប់ធ្នាប់ របស់ក្រុមសន្ដិសុខខណ្ឌដូនពេញ កាលពីពេលកន្លងទៅនេះ។លិខិតដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ បញ្ជាក់ថា សំណើរនេះ ក៏មានការឯកភាពពី សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សូមជម្រាបថា ស្រ្តីរងគ្រោះ​មានឈ្មោះ ប៉ែន សុគន្ធា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត នៅភូមិពាលញែក២ ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ ស្រ្តីរងគ្រោះរូបនេះ បានលង់ទឹកទន្លេស្លាប់ កាលពីរាត្រីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ខណៈដែលគាត់បានរត់គេចពីកម្លាំងប្រជាការពារខណ្ឌដូនពេញ ឡើងទូកទេសចរណ៍មួយនៅមាត់ទន្លេ បណ្តាលឲ្យលង់ទឹកទន្លេស្លាប់ នៅខាងមុខ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ទោះជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ រួមជាមួយ សាខាកាកបាទក្រហមខណ្ឌ បាននាំយកអំណោយមួយចំនួន ផ្ដល់ជូនគ្រួសាររបស់សពស្រ្តីរកស៊ីផ្លូវភេទម្នាក់ ដែលបានធ្លាក់ទឹកទន្លេស្លាប់ ដោយសារតែនាង រត់គេចពីក្រុមសន្តិសុខរបស់សាលាខណ្ឌពេលចុះរៀបចំសណ្តាប់ធ្នាប់៕