(កំពង់ធំ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំរុញឲ្យកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងបណ្ដាលអង្គភាពពាក់ព័ន្ធ ត្រូវតែខិតខំយក អស់កម្លាំង​កាយចិត្ត រួបរួមសាមគ្គីគ្នា ​ធ្វើការក្នុងទិសដៅបម្រើសង្គមជាតិ បម្រើប្រជាពលរដ្ឋដោយធ្វើការពង្រឹងវិន័យ សីលធម៌ និងគុណធម៌ ដោយចេះយោគយល់ អាធ្យាស្រ័យ ចេះចែករំលែកការងារគ្នា ឲ្យអស់លទ្ធភាព និងគោរពទៅតាមតួនាទីភារកិច្ច ដោយមានភាពទទួលខុសត្រូវ។

ថ្លែងបែបនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ក្នុងឱកាសលោកស្រី អញ្ជើញជាអធិបតីក្នុងពិធី ​បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅបន្តការងារឆ្នាំ២០១៧។ ក្នុងនោះក៏មានការចូលរួមពី លោក សុខ លូ អភិបាលខេត្តកំពង់ធំ លោក-លោកស្រីក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាច្រើនរូបទៀត។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើរបាយការណ៍ និងបញ្ហាប្រឈមនានា ក្នុងពេលសន្និបាតបូកសរុបការងារទូទាំងខេត្តក្នុងឆ្នាំ២០១៦ និងលើកទិសដៅការងារ បន្តឆ្នាំ២០១៧ សន្និបាតនាថ្ងៃនេះមានសារៈសំខាន់ណាស់ ព្រោះបានឆ្លុះបញ្ចាំងឲ្យឃើញពីសមិទ្ធិផលនានា និងសកម្មភាពការងារដែលរដ្ឋបាលខេត្ត បានអនុវត្តន៍ក្នុងឆ្នាំ ២០១៦កន្លងមកដែរ និងលើកពីបញ្ហាប្រឈមដូចជា បទល្មើសព្រៃឈើ បទល្មើសជលផល បញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ ការផ្តល់សេវាសាធារណៈ បញ្ហាអគ្គិសនី និងបញ្ហាទឹកស្អាត។

ជាមួយគ្នានោះ លោកស្រី ជូ ប៊ុនអេង ក៏បានថ្លែងអរគុណចំពោះមន្ត្រីរាជការ គ្រប់ស្ថាប័ននានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មកពីបណ្តាអង្គភាព​ផ្សេងគ្នាទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត រួបរួមសាមគ្គីគ្នា ធ្វើឲ្យលទ្ធផលការងារទូទាំងខេត្ត ទទួលបានលទ្ធផលល្អ។

ក្នុងនោះ លោកស្រីបានគូសបញ្ជាក់ថា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្ត បានដាក់ចេញទិសដៅអនុវត្តបន្តរួមមាន អនុវត្តន៍វិធានការក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ, ​បន្តអនុវត្តន៍ផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យមានប្រសិទ្ធភាពខ្ពស់, ការពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់សមត្ថភាព ដល់មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការបំពេញតួនាទីភារកិច្ចស្នូល ប្រកបដោយការទទួលខុសត្រូវ និងមនសិការវិជ្ជាជីវខ្ពស់ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អ និងការទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗ ដូចជាបទល្មើសព្រៃឈើ សត្វព្រៃ មច្ឆាជាតិ គ្រឿងញៀននិងការជួញដូរមនុស្ស និងបញ្ហាមួយចំនួនទៀត៕