(ភ្នំពេញ)៖ នៅសល់តែរយៈពេល២ថ្ងៃទៀតប៉ុណ្ណោះ បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នឹងឈានចូលមកដល់ ពោលគឺត្រូវនឹងថ្ងៃទី២៧ ដល់៣០ ខែមករា ឆ្នាំ២០១៧។ ដើម្បីត្រៀមរៀបចំអបអរបុណ្យចូលឆ្នាំថ្មីនេះ គេសង្កេតឃើញបងប្អូនខ្មែរ ដែលជាប់សែស្រឡាយចិន រៀបចំសម្អាតផ្ទះសំបែង និងរណ្តាប់ ដើម្បីទទួលទេវតាឆ្នាំថ្មី។

ជាមួយគ្នានេះ ប្រជាពលរដ្ឋរអ៊ូថា ទំនិញមួយចំនួន ពិសេសគ្រឿងសំណែន ដូចជាជ្រូកខ្វៃ ទាខ្វៃ មាន់ជាដើមហាក់ឡើងថ្លៃទ្វេដង។

កញ្ញា ដេត ស្រីណែត ដែលមានសាច់ឈាម ត្រលក់ត្រលន់ ជាកូនកាត់ចិន បានប្រាប់សារព័ត៌មាន Fresh News ថា ចូលឆ្នាំប្រពៃណីចិន បានខិតជិតមកដល់ហើយ ប៉ុន្ដែបើក្រឡែកទៅមើលតម្លៃ​ទំនិញនៅតាមទីផ្សាវិញ គឺមានការកើនថ្លៃ ដូចជាត្រី សាច់ បន្លែ ផ្លែឈើ។ អ្នកស្រីចាត់ទុកដា ជារឿងធម្មតាទៅហើយ គឺឲ្យតែមានពេលបុណ្យទានផ្សេង​​ៗ តម្លៃទំនិញតែងតែមានតម្លៃថ្លៃ ព្រោះតម្រូវការមានការកើនឡើង។

កញ្ញាបន្ដថា អ្វីដែលមានតម្លៃកាន់តែឡើងថ្លៃខ្លាំងនោះគឺ ជ្រូកខ្វៃ ព្រោះជ្រូកខ្វៃជារបស់មួយ ដែលប្រជាពលរដ្ឋមានជំនឿ មិនអាចខ្វះបាន សម្រាប់ការសែនក្នុងពេលបុណ្យចូលឆ្នាំចិន ដូច្នេះអាជីវករច្បាស់ណាស់ថា នឹងដំឡើងថ្លៃ។

កញ្ញាបន្តថា «សម្រាប់ខ្ញុំ ខ្ញុំមិនចង់ឲ្យមានការ​តម្លើងថ្លៃនោះឡើយ ហើយខ្ញុំសូមសំណរពរឲ្យអាជីវកទាំងអស់ ទាំងអ្នកលក់ ផ្លែឈើ ត្រីសាច់ ជ្រូកខ្វៃ សូមឲ្យកាត់បន្ថយការឡើ​ងថ្លៃ ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន»

លោក ជឹម ចាន់រដ្ឋា ប្រជាពលរដ្ឋម្នាក់ដែលរស់នៅរាជធានីភ្នំពេញ បានបញ្ចេញមតិស្រដៀងដែរថា សម្រាប់បុណ្យចូលឆ្នាំចិន ឬបុណ្យទាននានា គឺសង្កេតឃើញថា បន្លែត្រីសាច់ ជាពិសេសជ្រូកខ្វៃ តែងតែឡើងថ្លៃ ព្រោះមានតម្រូវការច្រើន ការដំឡើងថ្លៃបែបនេះ ជារឿងមិន​ល្អ សម្រាប់ជីវភាពប្រជាពលរដ្ឋ ដែលខ្សត់ខ្សោយ មិនមានលទ្ធភាពទិញ បណ្ដាលឲ្យពួកគាត់មានអារម្មណ៍មិនល្អ និងមិន​សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ឬបុណ្យទានផ្សេងៗនេះ ហើយការដំឡើងថ្លៃទៀតសោត នឹងក្លាយទៅជាទម្លាប់អា​ក្រក់មួយ ព្រោះថាឲ្យតែមានបុណ្យទានៗ គឺដំឡើងថ្លៃទំនិញ។

ប្រជាពលរដ្ឋម្នាក់ដែលរស់នៅរាជធានីភ្នំពេញផងដែរ អ្នកស្រី ថារិកា បានឲ្យដឹងថា ធម្មតាឲ្យតែជិតបុណ្យទាន គឺទំនិញមានការឡើងថ្លៃខ្លាំង ជាពិសេសទំនិញ ឬរបស់ប្រើប្រាស់ណាដែរ ទាក់ទងទៅនឹងពិធីបុណ្យ ដូចជាការលក់ជ្រូកខ្វៃ ជាធម្មតាការលក់ជ្រូកខ្វៃនេះ មានតែឱកាសបុណ្យ​ចូល​ឆ្នាំប្រពៃណីចិន និងសែនឆេងម៉េងប៉ុណ្ណោះ ដែលមានការទិញច្រើន ពិតណាស់ថា តម្លៃលក់ថ្លៃជាថ្ងៃធម្មតា ព្រោះហាងឆេងស្ថិតនៅ​លើមាត់។

អ្នកស្រីបន្តថា មួយវិញទៀតប្រសិនបើនៅតែមាន ការឡើងថ្លៃបែបនេះ គឺអាចផ្ដល់នូវគុណវិបត្តិច្រើន ដល់ប្រជាពលរដ្ឋ ព្រោះថាពេល​ដែលមានកម្មវិធីម្ដងៗ ត្រូវចំណាយលុយច្រើន ដូច្នេះអាចធ្វើឲ្យប្រជាពលរដ្ឋលែងចង់ មានការប្រារព្ធពិធីផ្សេងៗ។

ជាមួយគ្នានេះ ក្រុមអាជីវករលក់ជ្រូកខ្វៃ បានទទួលស្គាល់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន តម្លៃជ្រូកខ្វៃពិតជាឡើងថ្លៃមែន។

អ្នកស្រី សៀវ លី អាជីវករលក់ជ្រូកខ្វៃផ្សារអូឬស្សី បានថ្លែងឲ្យដឹងថា ជាធម្មតាបុណ្យទាន ទំនិញត្រូវតែលក់លើសពីតម្លៃ​ធម្មតា​ហើយ ដូចជាជ្រូកខ្វៃនេះ។

អ្នកស្រីបន្តថា «ប្រសិនបើខ្ញុំមិនលក់លើសតម្លៃទេ គឺអត់ចំណេញសោះ ព្រោះថាខ្ញុំទទួលជ្រូកពីគេមក ឡើងថ្លៃដូចគ្នាដែរ។ សម្រាប់ថ្ងៃធម្មតាខ្ញុំ លក់ជ្រូកក្នុងតម្លៃ៤ម៉ឺនរៀលក្នុងមួយគីឡូក្រាម និងលក់បាន ​ប្រមាណ​ជា២០-៣០ក្បាលប៉ុណ្ណោះ ប៉ុន្ដែក្នុងថ្ងៃបុណ្យទានលក់បានតម្លៃដល់ទៅ៦-៧ម៉ឺនរៀលក្នុងមួយគីឡូក្រាម និងលក់បានជ្រូកប្រមាណជា​២០០-៣០០ក្បាលក្នុងមួយថ្លៃ ដោយសារតែអតិថិជន មានតម្រូវការខ្ពស់»

អ្នកស្រី ណារី អាជីវករលក់ជ្រូកខ្វៃម្នាក់ទៀត បានលើកឡើងថា ក្នុងឱកាសបុណ្យចូលឆ្នាំនេះ ជ្រូកខ្វៃរបស់អ្នកស្រី ​មានការជាវ និងកក់ច្រើនពីសំណាក់ប្រជាពលរដ្ឋ។

អ្នកស្រីបន្តថា ជាធម្មតាការលក់ចេញ ក្នុងកំឡុងពេលនេះ (បុណ្យចូលឆ្នាំចិន) គឺតម្លៃថ្លៃដែលឈានទៅ​ដល់៧-៨ម៉ឺនក្នុងមួយគីឡូ ឬថ្លៃជាងនេះ ក្នុងរយៈពេល៣ថ្លៃបុណ្យចូលឆ្នាំចិននេះ អាចលក់ជ្រូកបានប្រមាណជា៧០០ក្បាល ដោយក្នុង​មួយថ្ងៃៗអតិថិជន កុម៉្មង់ជ្រូក១០០ក្បាល ឬច្រើនជាងនេះ។ សម្រាប់ជ្រូកវិញ ក៏មានតម្លៃខុសគ្នាដែរដោយជ្រូកធំ តម្លៃធូរថ្លៃជាង​ជ្រូកតូច។

អ្នកស្រីបន្ដទៀតថា​ «អតិថិជនតែងតែរអ៊ូរទាំខ្លះដែរ ដោយអ្នកខ្លះថាតម្លៃលក់នេះ គឺថ្លៃខ្លាំង ប៉ុន្ដែយើងមិនអាចបញ្ចុះតម្លៃបាន ព្រោះ​ការទទួលជ្រូកពី ម៉ូយមកមានតម្លៃថ្លៃដូចគ្នា»