(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ថា ករណីបញ្ឈប់ការជួលម៉ោងរបស់វិទ្យុ ABC នៅក្នុងទូរទស្សន៍ប៉ុស្តិ៍លេខ៣ កាលពីម្សិលមិញនេះ ដោយហេតុថា វិទ្យុ ABC មានកំហុសឆ្គងចំនួន២រួមមាន ទី១៖ កំហុសឆ្គងធម្មតា(ការផ្លោះតុ) ទី២៖ កំហុសវិជ្ជាជីវៈ(ជេរ បញ្ជោរ សាធារណជន) ដែលមិនអាចអនុគ្រោះបាន។

លោក ខៀវ កាញារីទ្ធ បានលើកឡើងបែបនេះ ខណៈលោកបានចូលរួមក្នុងពិធីសំណេះសំណាលជាភាតរភាព ជាមួយនិវត្តជន ក្រសួងព័ត៌មាន ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ នៅទីស្តីការក្រសួងព័ត៌មាន មានមន្ត្រីចូលនិវត្តន៍ប្រមាណជា៣៤៥នាក់ ក្នុង នោះម្នាក់ៗទទួលបាន សម្ភារប្រើប្រាស់មួយកញ្ចប់ ក្រមារមួយ និងថវិកា ១៦០ ០០០រៀល រដ្ឋមន្ត្រីក៏បានបំពាក់មេដៃមាស ការងារជូនមន្ត្រីដែលចញលនិវត្តន៍ផងដែរ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងយ៉ាងដូច្នេះថា «ថ្មីៗនេះ វិទ្យុABC ពិតមែនដំបូងមានការខុសឆ្គងខ្លះៗ ប៉ុន្តែកំហុសនោះជា កំហុសធម្មតាទេ(ផ្លោះតុ) ចំពោះអ្នកដែលមិនធ្លាប់ធ្វើការងារហ្នឹង ប៉ុន្តែជាកំហុសមួយដែលយើងមិនអាចទទួលយកបាន គឺនៅមានដែលមានការរិះគន់ហើយ គាត់ត្រូវឆ្លើយបំភ្លឺពន្យល់ ប៉ុន្តែគាត់បែរជាយករបៀបឆ្លើយបំភ្លឺ និងពន្យល់ទៅជាការជេរ បញ្ជោរគេវិញ ដៀលគេទៅវិញទៅមក នេះមិនមែនជាវិជ្ជាជីវៈរបស់ពិធីករ ពិធីការិនីទេ។ ពិធីករ ពិធីការិនី គឺយើងដាក់ខ្លួន ការរិះគន់មក យើងទទួលយកបានទទួល ទទួលយកមិនបានមិនទទួល ប៉ុន្តែយើងត្រូវពន្យល់គាត់ មិនមែនគិតថា មានតែយើងទេ ល្បីជាងគេ។ ចឹងបានថា កំហុសវាមិនមែនរឿងផ្លោះតុនោះទេ វាជាកំហុសមែន តែការដែលជេរបន្តទៅសាធារណៈជន ជាកំហុសដែលមិន អាចទទួលយកបាន។ កំហុសមាន២ កំហុសទី១ កំហុសខុសឆ្គងធម្មតា មួយទៀតកំហុសវិជ្ជាជីវៈដែលមិនអាចអនុគ្រោះបានទេ»

គួរបញ្ជាក់ថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ បានចេញលិខិតមួយដោយបង្គាប់ ឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ ឈប់ជួលម៉ោងឱ្យវិទ្យុ ABC។ លោករដ្ឋមន្រ្តី បានបញ្ជាក់ថាការធ្វើបែបនេះ គឺដើម្បីបញ្ចប់នូវប្រតិកម្មពីសំណាក់មហាជន និងភាពអសកម្មទាំងឡាយដែលបានកើតឡើងជាបន្តបន្ទាប់មកនេះ៕