(ភ្នំពេញ)៖ ការសិក្សាលើគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ដោយអង្គការចៃការបស់ជប៉ុន បានបិទបញ្ចប់ហើយ។ តាមការសិក្សាផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតនេះមានប្រវែង ១៣២គីឡូម៉ែត្រ ហើយត្រូវការថវិកាសាងសង់ ប្រមាណ ៤,០០០លានដុល្លារអាមេរិក និង ត្រូវចំណាយពេលសាងសង់ប្រមាណ ៦ឆ្នាំ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ម្សិលមិញនេះ បានជួបជាមួយ លោក Tatsuyuki Sakurai ប្រធានក្រុមគម្រោងរបស់ចៃកា ដើម្បីស្តាប់ពីលទ្ធផលនៃការសិក្សាលើគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ។

យោងតាមការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានអត្ថប្រយោជន៍ច្រើន ដូចជាការភ្ជាប់ទំនាក់ទំនង និង ការអភិវឌ្ឍក្នុងតំបន់ តាមរយៈការកាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ កាត់បន្ថយការចំណាយលើការដឹកជញ្ជូន កាត់បន្ថយការកកស្ទះចរាចរណ៍ និង ពង្រីកពាណិជ្ជកម្មជាមួយបណ្តាប្រទេសជិតខាង។

បើទោះបីជាផ្លូវនេះត្រូវមើលឃើញថា មានអត្ថប្រយោជន៍ច្រើនយ៉ាងណាក្តី តែរាជរដ្ឋាភិបាលហាក់នៅមានឧបស័គ្គលើថវិកាសាងសង់នៅឡើយ ព្រោះជាទំហំ​ទឹកប្រាក់មួយដ៏ច្រើន។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៉ឹម សុរិយា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ថា ពាក់ព័ន្ធថវិកានេះ រដ្ឋាភិបាលជប៉ុនមានសម្រាប់ឲ្យរាជរដ្ឋាភិបាលខ្ចីសាងសង់ផ្លូវ តែទឹកប្រាក់មានទំហំលើសពីគោលនយោបាយកម្ចីរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោក វ៉ាស៉ឺម សុរិយា អង្គការចៃកាបានលើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលខ្ចីថវិកាពីរដ្ឋាភិបាលជប៉ុន សាងសង់ផ្លូវដោយខ្លួនឯង ដើម្បីទទួលបានផលចំណេញច្រើនជាង ការផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនវិនិយោគ។ អង្គការចៃកា ក៏បានណែនាំឲ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើត អគ្គនាយកដ្ឋានគ្រប់គ្រងផ្លូវល្បឿនលឿននេះ ដើម្បីទាញយក​ផលប្រយោជន៍ពីផ្លូវល្បឿនលឿននេះ។

តាមការសិក្សាអង្គការចៃកា ក៏បានបញ្ជាក់ដែរថា ប្រសិនបើកមិនសាងសង់ផ្លូវលឿនទេ ការធ្វើដំណើរពីភ្នំពេញ ទៅកាន់ក្រុងបាវិតនឹងត្រូវ ចំណាយពេលរហូតដល់​ប្រមាណ​ជា៧ម៉ោង នៅអំឡុង ៥-៦ឆ្នាំខាងមុខ។

សូមបញ្ជាក់ថា ក្រៅពីការសិក្សាសាងសង់គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតហើយនោះ កម្ពុជា ក៏គ្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ​នៅឆ្នាំ២០១៧នេះផងដែរ។ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ គ្រោងចំណាយថវិកាប្រមាណ ១,៩០០លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគរបស់ចិន៕