(ភ្នំពេញ)៖ ក្រោយគណៈកម្មការចម្រុះព្រំដែន កម្ពុជា-ឡាវ បើកកិច្ចប្រជុំអស់រយៈពេលមួយព្រឹករួចមក លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចព្រំដែន បានបញ្ជាក់ឲ្យដឹងថា ភាគីទាំងពីរកំពុងជជែកពិភាក្សាគ្នា លើបញ្ហាបង្គោលព្រំដែនមួយចំនួន ដូចជា នៅចំណុចទន្លេល្ពៅ ទន្លេសាឡាំផៅ ទន្លេសេកុង តំបន់អូរតាង៉ាវ ចំណុចបង្គោលព្រំដែនលេខ០២ និងលេខ០៣។

លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានបន្តថា ប្រទេសកម្ពុជា និងប្រទេសឡាវ មានព្រំដែនជាប់គ្នាប្រវែង ៥៤០គីឡូម៉ែត្រ ដែលត្រូវ បោះបង្គោលព្រំដែនប្រមាណ១៤៥បង្គោល ប៉ុន្តែរហូតដល់ពេលនេះ ភាគីទាំងពីរបានបោះសម្រេចចំនួន ១២១បង្គោលហើយ ស្មើនឹង៨៣ភាគរយ នៅសល់ប្រមាណ ២៤បង្គោលទៀត ហើយចំណុចដែលនៅសេសសល់នោះ ស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។

លោកទេសរដ្ឋមន្រ្តីថា «យើងត្រូវជជែកគ្នាលើចំណុច៤ ដែលសម្ដេចតេជោ ហ៊ុន សែន បានស្នើទៅប្រមុខដឹកនាំប្រទេសឡាវ ដោះស្រាយបញ្ហា៤ចំណុចហ្នឹង លើបញ្ហាព្រំដែនដែលនៅសេសសល់ ក្នុងនោះមាននៅតាមទន្លេល្ពៅ ទន្លេសាឡាំផៅ ទន្លេសេកុង មានបន្ថែមលើរបៀបវារៈនេះទៀត ហើយនៅតំបន់អូរតាង៉ាវ ដែលយើងត្រូវដោះស្រាយដែរ និងបញ្ហាផ្សេងៗទៀត ដូចបង្គោល លេខ០២, ០៣»

លោកទេសរដ្ឋមន្រ្តីបានបន្តថា អំឡុងពេលពិភាក្សាគ្នានេះ ភាគីទាំងពីរបានលើកសំណើដាក់គ្នាទៅវិញទៅមក ហើយបើភាគីទាំង២ ព្រមដោះស្រាយដោយសុឆន្ទៈ ក្នុងការដោះស្រាយបបញ្ហាជាមួយគ្នា នោះកិច្ចពិភាក្សានឹងទទួលបានផ្លែផ្កាល្អប្រសើរ តែបើភាគី ទាំងពីរមិនទាន់ស្រុះស្រួលគ្នាទេ ប្រហែលជាមិនទទួលបានផ្លែផ្កាជាដុំកំភួនអ្វីឡើយ។

ទោះយ៉ាងណា លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានបញ្ជាក់ថា នៅល្ងាចម៉ោង៥ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ភាគីកម្ពុជា និងភាគីឡាវ នឹងមានចុះកិច្ចព្រមព្រៀងរួមគ្នាមួយ។ ដោយឡែកលទ្ធផលផ្លែផ្កាយ៉ាងណានោះ លោកទេសរដ្ឋមន្រ្តីនៅមិនទាន់ អាចបញ្ជាក់បានទេ៕