(ភ្នំពេញ)៖ នៅថ្ងៃស្អែកទី២៦ ខែមករា ឆ្នាំ២០១៧ គណៈកម្មាធិការអចិន្រ្តយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំពិនិត្យលើរបៀបវារៈមួយចំនួន ក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាចេញផ្សាយនៅថ្ងៃពុធនេះ។

លោក ឡេង ប៉េងឡុង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃនេះថា កិច្ចប្រជុំរបស់ គណៈកម្មាធិការអចិន្រ្តយ៍នៃរដ្ឋសភា នៅថ្ងៃស្អែក នឹងពិភាក្សាកំណត់ថ្ងៃនៃការបើកកិច្ចប្រជុំវិសាមញ្ញារបស់រដ្ឋសភា លើការស្នើសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ប្រការ៤៨ថ្មី (បី)។

សូមជម្រាបថា សំណើសុំធ្វើវិសោធនកម្មនេះ ត្រូវបានចុះហត្ថលេខាដោយក្រុមតំណាងរាស្រ្តចំនួន ៥៥រូប កាលពីកន្លងទៅថ្មីៗនេះ បន្ទាប់ពីមានការប្រកាសដោយ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការធ្វើវិសោធនកម្មលើមាត្រា៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានេះឡើងវិញ។ សម្តេចថា ប្រការនេះបានធ្វើឱ្យពិបាកក្នុងការធ្វើការ រួមទាំងមានប៉ុនប៉ងចរចាដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលាការជាដើម៕