(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៦កន្លងទៅនេះ មន្ដ្រីកងរាជអាវុធហត្ថសរុប១៧០នាក់ ដែលពាក់ព័ន្ធក្នុងករណីគ្រឿងញៀន និង​បោះបង់ការងារមិនចូលមកអង្គភាព ត្រូវបានលុបឈ្មោះ និងបណ្ដេញចេញពីក្របខ័ណ្ឌ។

លោកឧត្តមសេនីយ៍ត្រី អេង ហីុ អ្ន​កនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះថា «ក្នុងរយៈពេលឆ្នាំ២០១៦ មន្ដ្រីអាវុធហត្ថ១៧០នាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីគ្រឿងញៀន និងមិនចូលមកបម្រើការនៅក្នុងអង្គភាព ហើយត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចបណ្ដេញពីក្របខ័ណ្ឌ»

លោកឧត្តមសេនីយ៍ អ្នកនាំពាក្យបានបន្ថែមថា ក្នុងចំណោមនោះមន្ដ្រីអាវុធហត្ថ១១នាក់ ដែលពាក់ព័ន្ធក្នុងករណីគ្រឿងញៀន។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់បានបញ្ជាឲ្យមេបញ្ជាការតាមអង្គភាពទាំងអស់ ត្រូវធ្វើតេស្ដរកសារធាតុញៀនមន្ដ្រីអាវុធហត្ថរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា។

នាយឧត្តមសេនីយ៍ថា «បើយើងជាមន្ដ្រីអនុវត្តច្បាប់ ហើយទៅប្រើប្រាស់គ្រឿងញៀន តើឲ្យពលរដ្ឋគោរពយើងយ៉ាងដូចម្ដេច ដូច្នេះកងកម្លាំងណា ដែលរកឃើញជាប់ពាក់ព័ន្ធមានសារធាតុញៀន ត្រូវបណ្ដេញចេញពីក្របខណ្ឌ យ៉ាងដាច់ខាត»