(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅ​ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ​​បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅបន្តការងារឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់លោក ​ច័ន្ទ សុផល អភិបាល។ ក្នុងនោះក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ ព្រមទាំង​ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាច្រើនរូបទៀត។

​លោក ច័ន្ទ សុផល បានថ្លែងក្នុងពិធីបើកសន្និបាតនោះថា ​នៅថ្ងៃនេះ ខេត្តបាត់ដំបង ​បានធ្វើសន្និបាតបូកសរុបការងារទូទាំងខេត្ត ក្នុងឆ្នាំ២០១៦ និងលើកទិសដៅការងារបន្តឆ្នាំ២០១៧ សន្និបាតនាថ្ងៃនេះ មានសារៈសំខាន់ណាស់ ព្រោះបានឆ្លុះបញ្ចាំងឲ្យឃើញ ពីសមិទ្ធិផលនានា និងសកម្មភាពការងារ ដែលរដ្ឋបាលខេត្តបានអនុវត្តន៍ក្នុងឆ្នាំ២០១៦ កន្លងមកដែរ​។

បន្ថែមពីនេះ អភិបាលខេត្តបាត់ដំបង ​ថ្លែងអរគុណចំពោះមន្ត្រីរាជការ គ្រប់ស្ថាប័ននានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មកពីបណ្តាអង្គភាពអង្គភាពផ្សេងគ្នា ទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត រួបរួមសាមគ្គីគ្នា ធ្វើឲ្យលទ្ធផលការងារ ទូទាំងខេត្ត ទទួលបានលទ្ធផលល្អ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្ត បានដាក់ចេញទិសដៅអនុវត្តបន្តរួមមាន៖ អនុវត្តន៍វិធានការ ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាល បន្តអនុវត្ត​ ផែនការស្តីពីយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល៦ខែ ចាប់ពីថ្ងៃទី០១ មករា ដល់ថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០១៧ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ការពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់សមត្ថភាពដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន​ ក្នុងការបំពេញ តួនាទីភារកិច្ចស្នូលប្រកបដោយការទទួលខុសត្រូវ និងមនសិការវិជ្ជាជីវខ្ពស់ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ។ ការទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗ ដូចជាបទល្មើសព្រៃឈើ សត្វព្រៃ មច្ឆាជាតិ គ្រឿងញៀននិងការជួញដូរមនុស្ស និងបញ្ហាមួយ ចំនួនទៀត។

​​បន្ទាប់មកលោកស្រី កែវ ដាណា នាយិការទីចាត់ការរដ្ឋបាល បានឡើងអានរបាយការណ៍ ស្តីពីលទ្ធផលសកម្មភាពការងាររបស់ រដ្ឋបាលខេត្ត លើគ្រប់វិស័យក្នុងឆ្នាំ២០១៦កន្លងមក និងក៏មានការបញ្ចាំងស្លាយ ជូនអង្គសន្និបាតមើលផងដែរ៕