(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើ​បទបញ្ជាមួយ​នៅថ្ងៃអង្គារ​ ដោយតម្រូវឱ្យ​ដំណើរការ​ឡើងវិញ នូវគំរោង​សាងសង់បំពង់​បង្ហូរប្រេង Keystone XL និង Dakota Access ក្នុងគោលបំណងពន្លឿនការដឹកជញ្ជូនប្រេងនៅសហរដ្ឋអាមេរិក ក៏ប៉ុន្តែ​គំរោងនេះ​បានបង្កជា​ការព្រួយបារម្ភនិងភាពចម្រូងចម្រាស់យ៉ាងខ្លាំងពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន និងសង្គម។ នេះបើ​តាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។

គំរោង Keystone XL និង Dakota Access ត្រូវបានផ្អាក​ម្ដងរួចមកហើយដោយរដ្ឋបាល​លោក បារ៉ាក់ អូបាម៉ា ដោយសារតែ​មានការតវ៉ា​ពីក្រុម​អង្គការការពារបរិស្ថាន និងប្រជាជន​នៅក្នុងតំបន់។ Keystone XL គឺជាគំរោង​សាងសង់បំពង់​បង្ហូរប្រេង​តភ្ជាប់ពីតំបន់ Alberta ស្ថិតនៅភាគខាងលិចប្រទេស​កាណាដា​ឆ្ពោះមកកាន់​ឈូងសមុទ្រម៉ិចស៊ិក ដែលមាន​ប្រវែង​ ១,៨៩៧គីឡូម៉ែត្រក្នុងនោះ ១,៤០០គីឡូម៉ែត្រ​ឆ្លងកាត់សហរដ្ឋអាមេរិក និងត្រូវចំណាយប្រាក់០​៨ពាន់លានដុល្លារ​លើគំរោងនេះ។

ចំណែកឯ Dakota Access គឺជាគំរោង​បំពង់បង្ហូរប្រេង​ដែលលាតសន្ធឹង​លើរដ្ឋចំនួន០៤​នៃភាគខាងជើង​សហរដ្ឋអាមេរិក និងមានប្រវែង​ជាង ១,៩០០គីឡូម៉ែត្រ ហើយបំពង់​បង្ហូរប្រេងនេះមាន​គោលដៅដឹក​ជញ្ជូនប្រេង​ពីរដ្ឋ North ​Dakota ឆ្ពោះទៅ​កាន់រដ្ឋ Illinois ដោយត្រូវចំណាយ​ប្រាក់ ៣,៨ពាន់លានដុល្លារ។

គួរបញ្ជាក់ថា​ក្រុមអង្គការការពារ​បរិស្ថាន និងប្រជាជននៅក្នុងតំបន់​ធ្លាប់បានប្រមូលផ្ដុំគ្នា​ធ្វើបាតុកម្មតវ៉ា និងប៉ះទង្គិចគ្នាជា​មួយអាជ្ញាធរអាមេរិក ពីព្រោះពួកគេ​យល់ថាគំរោងទាំងពីរ​នេះនឹងបង្ក​ជាផលប៉ះពាល់យ៉ាង​ខ្លាំងដល់បរិស្ថាន៕