(ភ្នំពេញ​)៖ លោក​ស្រី​ គិម​ សត្ថាវី​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​មករា​ ឆ្នាំ២០១៧នេះ​ សម្រេច​បន្ត​ឃុំ​ខ្លួនលោក​ស្រី​ ទេព​ វន្នី​ តំណាង​សហគមន៍​បឹងកក់​ ក្នុង​ពន្ធនាគារ​ដដែល​ ដោយ​ទុក​លទ្ធភាព​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ត​នីតិវិធី​។​

លោក​ស្រី​ចៅក្រម​ យល់​ឃើញ​ថា​ សំណុំ​រឿង​នេះ​បាន​បញ្ជូន​ទៅ​ជំនុំជម្រះ​ហើយ​ ដូច្នេះ​គម្បី​រក្សា​ទុក​ជនជាប់ចោទ​ក្នុង​ពន្ធនាគារ​ដដែល​។

លោក​ស្រី​ ទេព​ វន្នី​ ត្រូវបានតុលាការចោទ​ពី​បទ​ហិ​ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣។

កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ​២០១៦​ កន្លង​ទៅ​ លោក ពេជ្រ វិជ្ជាធរ​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កែប្រែ​បទ​ចោទប្រកាន់​លើ​ស្ត្រី​បឹងកក់​ពីរ​នាក់​ពី​បទ​ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​»​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ចាត់​ទុក​ថា​ជា​ចលនា​បដិវត្តន៍​ពណ៌​ មក​ជា​បទ​ «ប្រមាថ»​ វិញ​។ តុលាការសម្រេច​ផ្ដន្ទាទោស​ស្ត្រី​បឹងកក់ទាំង​ពីរ​នាក់​ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​៦ថ្ងៃ​ និង​ពិន័យ​ជា​ប្រាក់​៨ម៉ឺន​រៀល​ ពី​បទ​ «ប្រមាថ​» តាម​មាត្រា​៥០២នៃ​ក្រម​ព្រហ្មទណ្ឌ​។ ក្រោយការសម្រេចនេះ អ្នកស្រី បូវ សោភា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីយប់ថ្ងៃទី២២ ខែសីហា។

ទោះ​បី​យ៉ាង​ណា​ ឈ្មោះ​ ទេព​ វន្នី​ ត្រូវបន្តជាប់ឃុំក្នុងពន្ធនាគារ ដោយនៅ​មាន​ពីរ​ករណី​ផ្សេង​ទៀត​នៅ​ស្ថាប័ន​តុលាការ​ ដូច​ជា​ករណី​ទី​១​ បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ និង​ករណី​ទី​ពីរ​ បទល្មើស​ប្រមាថ​អ្នក​រាជការ​សាធារណៈ​ និង​បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស​ ជាដើម​៕