(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ចុះទៅពិនិត្យបទល្មើសនៅលើផ្ទៃបឹងទន្លេសាប បន្ទាប់ពីមានបាតុភាពផ្ទុះអំពើហិង្សារវាងសមត្ថកិច្ចបង្រ្កាបបទល្មើសជាមួយក្រុមអ្នកនេសាទល្មើសច្បាប់​ នៅលើផ្ទៃបឹងទន្លេសាបកាលពីយប់មិញ។

ដំណើរចុះទៅពិនិត្យបទល្មើសនេសាទនេះ ក៏មានការអមដំណើរដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ និងជាប្រធានគណៈកម្មការបង្រ្កាប និងទប់ស្កាត់បទល្មើសលើផ្ទៃបឹងទន្លេសាប និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មការបង្រ្កាប និងទប់ស្កាត់បទល្មើសលើផ្ទៃបឹងទន្លេសាប រួមនិងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត ។

លោក វេង សាខុន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះថា នៅយប់មិញនេះពិតជាមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងសមត្ថកិច្ចបង្រ្កាបបទល្មើស នៅលើផ្ទៃបឹងទន្លេសាប ជាមួយក្រុមប្រព្រឹទ្ធបទល្មើសនេសាទ ហើយក៏បានឃាត់ខ្លួនមនុស្សមួយចំនួនផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០១៦ បានសម្រេចបង្កើតគណៈកម្មការបង្រ្កាប និងទប់ស្កាត់បទល្មើសលើផ្ទៃបឹងទន្លេសាប ដោយមានសមាសភាពមកពីគ្រប់ក្រសួងពាក់ព័ន្ធ ក្នុងបំណងបង្រ្កាប និងទប់ស្កាត់បទល្មើសនៅលើផ្ទៃបឹងទន្លេសាបឲ្យមានប្រសិទ្ធភាព ខ្ពស់។

បន្ទាប់ពីគណៈកម្មការនេះ លិចចេញជារូបរាងនៅដើមខែមករា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចអន្តរក្រសួងរួមជាមួយកម្លាំងសមត្ថកិច្ចខេត្ត បាននិងកំពុងធ្វើសកម្មភាពយ៉ាងក្តៅគគុក បើកប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប។ មកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ មានបទល្មើសជាច្រើនករណីត្រូវបានបង្រ្កាប ហើយអ្នកប្រព្រឹត្តបទល្មើសជាច្រើននាក់ ក៏ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ផងដែរ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចគ្រាន់តែព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ម្សិលមិញនេះ ក្រុមការងារគណៈបង្រ្កាប និងទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាប បានចុះបង្ក្រាបទបល្មើសនេសទអួនអូសហ៊ុ នៅចំណុចក្បាលជ្រោយរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្ដពោធិ៍សាត់ បានចំនួន ៧វង់ ជនសង្ស័យ ៣៤នាក់ និងការណូត ២០គ្រឿង។

សម្តេចក្រឡាហោម ស ខេង ធ្លាប់បានព្រមានទៅដល់ថ្នាក់ដឹកនាំខេត្តជុំវិញបឹងទន្លេសាប មិនត្រូវពាក់ព័ន្ធជាមួយការប្រឹព្រឹត្តបទល្មើសនេសាទនោះឡើយ បើសម្តេចរកឃើញនឹងត្រូវដកហូតតំណែង។ សម្តេចបានប្រកាសទៀតថា សម្តេចនឹងឧស្សាហ៍ធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ដើម្បីពិនិត្យបទល្មើសលើផ្ទៃបឹងទន្លេសាបនេះ៕