(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ បានអះអាងថា ទីភ្នាក់ងារស៊ើបការសំងាត់អាមេរិក CIA គឺជាអ្នកនៅពីក្រោយខ្នងការ ប៉ះទង្គិចគ្នាមួយដែលសម្លាប់មនុស្ស៦០នាក់ ក្នុងនោះមានប៉ូលិសហ្វីលីពីន៤៤នាក់ នៅឯតំបន់ភាគខាងត្បូងនៃប្រទេស កាលពីឆ្នាំ២០១៥ កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។

ការលើកឡើងបែបនេះ របស់លោក ឌូតើតេ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយនៅថ្ងៃអង្គារម្សិលមិញ នៅចំពោះ​មុខក្រុមគ្រួសារ និងភរិយារបស់ប៉ូលិស ហ្វីលីពីនដែលបានពលីជីវិត នៅក្នុងការវាយប្រយុទ្ធគ្នាដ៏សាហាវនោះ។ មិនតែប៉ុណ្ណោះ លោកក៏បានរិះគន់ផងដែរដល់អតីតប្រធានាធិបតីហ្វីលីពីន លោក បេនីគណូ អាគីណូ (Benigno Aquino) សម្រាប់ការបិទបាំងព័ត៌មានលម្អិតនៃប្រតិបត្តិការនេះ ដែលលោកយល់ថា ជាប្រតិបត្តិការដឹកនាំដោយ CIA​។

ប្រធានាធិបតីហ្វីលីពីនរូបនេះ និយាយយ៉ាងដូច្នេះថា៖ «ទុកឱ្យវាត្រូវបានគេទម្លាយអាថ៌កំបាំង ត្បិតវាគឺជាដំណើរផ្សងព្រេងមួយ របស់សហរដ្ឋអាមេរិក ដោយមានកិច្ចសហប្រតិបត្តិការ ជាមួយនឹងការបន់ស្រន់របស់អ្នក។ អ្នក (លោក អាគីណូ) បានបញ្ជូនយុវជនវ័យក្មេង (ប៉ូលិសហ្វីលីពីន៤៤នាក់) ទៅក្នុងរូងសត្វតោ។ ហេតុអ្វីបានជាអ្នកលាក់បាំងរឿងនេះ ហើយអ្វីបានជាអ្នកបិទបាំងនូវអ្វីដែលជាប្រតិបតិ្តការរបស់ CIA​»

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ អតីតប្រធានាធិបតីហ្វីលីពីន លោក បេនីគណូ អាគីណូ បានបង្គាប់ឱ្យអតីតប្រធានប៉ូលិស ហ្វីលីពីន លោក អាឡាន់ ពូរីស៊ីម៉ា (Alan Purisima) ដាក់ចេញនូវប្រតិបត្តិការ តាមចាប់ភេរវករម្នាក់ ជាជនជាតិម៉ាឡេស៊ី មានឈ្មោះថា ស៊ុលគីភ្លី ប៊ីន ហឺអាលីយ៉ាស់ ម៉ាវ៉ាន់ (Zulkipli bin Her alias Marwan) ដែលត្រូវបានគេរាយការណ៍ថា បានសម្ងំលាក់ខ្លួននៅក្នុងទីក្រុង Mamasapano នៃខេត្ត Maguindanao។​ បន្ថែមពីលើនេះនៅពេលនោះដែរ ក្បាលរបស់ម៉ាវ៉ាន់ មានតម្លៃ៥លានដុល្លារអាមេរិក ប៉ុន្តែនៅទីបញ្ចប់ភេរវកររូបនេះត្រូវបានសម្លាប់៕