(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងក៏ដូចជាបានស្នើឱ្យលោក ជែម ខូមី (James Comey) បន្តកាន់តំណែង ជានាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI នៅក្រោមរដ្ឋាភិបាលរបស់លោក ខណៈ FBI​ ផ្ទាល់កំពុងដឹកនាំការស៊ើបអង្កេតស្ដីពីទំនាក់ទំនង រវាងមនុស្សជំនិតជាច្រើននាក់របស់លោកត្រាំ ជាមួយរដ្ឋាភិបាលរុស្ស៊ី។ នេះបើកាសែត New York Times ចេញផ្សាយនៅយប់ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។

ប៉ុន្តែទន្ទឹមគ្នានោះដែរ ខាងសេតវិមាន មិនទាន់ធ្វើការអាត្ថាធិប្បាយណាមួយនៅឡើយទេ ជុំវិញការលើកឡើងនេះ។

គួរបញ្ជាក់ថា លោក ជែម ខូមី ធ្លាប់បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់គណបក្សប្រជាធិបតេយ្យ បន្ទាប់ពីលោកបានប្រកាសបើកការស៊ើបអង្កេត ឡើងវិញលើករណីរឿង អាស្រូវសារអេឡិចត្រូនិច Email របស់លោកស្រី ហ៊ីលឡារី គ្លីនតុន នៅប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ចូលមកដល់។ ជាងនេះទៅទៀត បើតាមក្រុមអ្នកជំនាញមួយចំនួនការសម្រេចចិត្តរបស់លោក ខូមី គឺជាផ្នែកមួយធ្វើឱ្យ លោកស្រីគ្លីនតុន ចាញ់ឆ្នោត៕​