​(កំពត)៖ កម្លាំងនគរបាលអន្តរាគមន៍ឈុតខ្មៅពិសេសខេត្ត សហការជាមួយកម្លាំងនគរបាលក្រុងកំពត និងមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល ពីលោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់​បានជនសង្ស័យប្រុសស្រី​៥នាក់ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះសំណាក់ «ពពកវិល» ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត​។

មន្ដ្រីនគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ រួមមានទី១៖ឈ្មោះ ម៉ា ទៀងណាំ ​​អាយុ១៥ឆ្នាំ, ទី២៖ឈ្មោះ ម៉ុង តុង អាយុ២០ឆ្នាំ, ទី៣៖ឈ្មោះ សែន ចាន់រស្មី អាយុ១៧ឆ្នាំ, ទី៤៖ឈ្មោះ វិន ស្រីពេជ្រ ភេទស្រី ​អាយុ២២ឆ្នាំ និងទី៥៖ឈ្មោះ គុណ ណៃហាក់ ​ភេទស្រី អាយុ១៨ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន ម្សៅក្រាមពណ៌សថ្លា ​ចំនួន៣កញ្ចប់​ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង​៥នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាល នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត កសាងសំណុំរឿងបញ្ជូន ទៅតុលាការ​ចាត់ការតាមច្បាប់៕