(កណ្តាល)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានលើកគ្នាទៅហាមឃាត់ ជាងសំណង់មួយក្រុម ដែលទទួលម៉ៅការសង់ របងថ្មឲ្យម្ចាស់ដីមួយកន្លែង មានទីតាំងនៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដោយបានរំលោភយកដី ចំណីទន្លេ រាប់ពាន់ម៉ែត្រការ៉េ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយជាងសំណង់បានប្រាប់ថា ម្ចាស់ដីជាមន្រ្តីជាន់ខ្ពស់ម្នាក់ នៅសាលាដំបូងខេត្តត្បូងឃ្មុំ។

ពាក់ព័ន្ធនឹងបញ្ហារំលោភដីទន្លេខាងលើ ប្រជាពលរដ្ឋមូលដ្ឋានធ្លាប់បាន ដាក់ពាក្យបណ្តឹង ចាប់ពីថ្នាក់ភូមិរហូតចូលទៅ អាជ្ញាធរថ្នាក់ស្រុករួចមកហើយ ហើយអាជ្ញាធរក៏បានចេញលិខិតហាមឃាត់ដែរ តែជាងទាំងនោះ នៅតែគគ្លើនលួចបន្តធ្វើ របងថ្មនោះទៀត នាំឲ្យប្រជាពលរដ្ឋចាប់ឃាត់មេជាង យកទៅសាកសួរ និងធ្វើកិច្ចសន្យា ទើបមេជាងនោះបានឆ្លើយថា របងនេះមានម្ចាស់ជាមន្រ្តីតុលាការ ជាអ្នកជួលគាត់ឲ្យមកធ្វើដើម្បីព័ទ្ធដី។ ក្រោយមកនគរបាលបានធ្វើកិច្ចសន្យា ឲ្យមេជាងនោះ បញ្ឈប់សកម្មភាព។

ជុំវិញបញ្ហានេះ កន្លងមកអាជ្ញាធរស្រុកពញាឮ បានចេញលិខិតបម្រាមឲ្យបញ្ឈប់សកម្មភាព និងឲ្យក្រុមជាងរុះរើយកសម្ភារ ចេញវិញដែរ តែបានតែមួយថ្ងៃទៅពីរថ្ងៃក្រោយ ក្រុមជាងបានហែកលិខិតបម្រាមនោះចោល និងបន្តសាងសង់ថែមទៀត។

ដោយឃើញសកម្មភាពបែបនេះ ប្រជាពលរដ្ឋបានទៅប្រាប់កម្លាំង នគរបាលប៉ុស្តិ៍កំពង់អុស ទៅហៅមេជាងមកធ្វើកិច្ចសន្យា ផ្តិតមេដៃឲ្យបញ្ឈប់សកម្មភាព ហើយមេជាងរូបនោះ បានប្រាប់នគរបាលនៅក្នុងកំណត់ហេតុថា អ្នកដែលឲ្យពួកគាត់ មកសាងសង់របងនោះ ជាមន្រ្តីតុលាការខេត្តត្បូងឃ្មុំ។

ប្រជាពលរដ្ឋបានបន្តថា ទោះបីអាជ្ញាធរថ្នាក់ភូមិ ឃុំ ស្រុក បានចេញលិខិតហាមឃាត់យ៉ាងណាក៏ដោយ ក៏អ្នករំលោភដីនេះ នៅតែបន្តជួលជាងសំណង់ ជាបន្តបន្ទាប់មក។ ម្យ៉ាងវិញទៀត ដីនេះជាដីចំណីទន្លេជាដីរបស់រដ្ឋ អ្នកណាក៏មិនអាចយក បានដែរ។

ចំពោះការលើកឡើងខាងលើនេះ បុរសម្នាក់ដែលបានដឹងសាច់រឿងនេះ បានឆ្លើយតបថា តាមពិតទៅវាមិនជាប់ ពាក់ព័ន្ធជាមួយ មន្រ្តីតុលាការខេត្តត្បូងឃ្មុំនោះទេ គឺជារឿងរបស់ម្ចាស់ដី ហើយក៏មិនទាន់ក្លាយជាម្ចាស់កម្មសិទ្ធិ របស់មន្រ្តីតុលាការនោះទេ។

ប្រភពបានបន្តថា មន្រ្តីតុលាការរូបនោះ បានប្រាប់ទៅម្ចាស់ហើយថា ទាល់តែធ្វើរបងបានត្រឹមត្រូវ និងមានច្បាប់ត្រឹមត្រូវ ទើបបានទិញ ប៉ុន្តែបែរជាជាងសំណង់ទៅឆ្លើយថា ដីរបស់មន្រ្តីតុលាការទៅវិញ៕