(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការបំពាក់ឋានន្ដរស័ក្តិជូននាយទាហានដែលចូល មប្រើកងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះ ​គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ហើយគោលនយោបាយនេះ គឺជាការលើកទឹកចិត្ត និងការទទួលស្គាល់ ចំពោះគុណូបការៈនៃការលះបង់របស់នាយ ទាហានក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិ ដែលបានចូលរួមស្វែងរកសន្តិភាព ជូនប្រទេសជាតិនិងប្រជាជនឲ្យរស់នៅ ក្នុងភាពសុខសាន្ត រហូតដល់សព្វថ្ងៃនេះ។

ថ្លែងបែបនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ខណៈដែល លោក ហ៊ុន​ ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី ​​ជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ដែលបានចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងដែរថា ការបំពាក់ឋានន្តរស័ក្តិ ជូននាយទាហានដែលបានចូលបម្រើ កងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះ គឺជាគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងចំណោមគោលនយោបាយផ្សេងទៀត ក្នុងការ គិតគូរយកចិត្តទុកដាក់ចំពោះកម្រិតជីវភាព និងការលើកតម្កើនកិត្តិយស ជូនដល់កងកម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន តាមរយៈកាតម្លើងប្រាក់បៀវត្ស ការតម្លើងឋានន្តរស័ក្តិ ការផ្តល់ដីសម្បទាន និងការឧបត្ថម្ភផ្សេងៗទៀត។ ​

លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា តម្លាភាព និងភាពត្រឹមត្រូវនៃការបំពាក់ឋានន្តរស័ក្តិ ជូននាយទាហានដែលចូលបម្រើ កងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ គឺមានក្រុមការងារចុះជំរឿនយោធិន ដោយសហការជាមួយក្រុមការងារអង្គភាព ការិយាល័យ បុគ្គលិក និងសាម៉ីខ្លួន ដោយផ្អែកលើឯកសារច្បាស់លាស់ ដែលទទួលស្គាល់ដោយផ្នែកដែលពាក់ព័ន្ធខាងលើ។

បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត បន្ដថា «យើងមិនអាចបំពាក់ឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ចំនួន៧០០នាក់ ក្នុងពេលតែមួយ បានទេ គឺយើងធ្វើតាមតំណាក់កាលហើយនេះ គឺជាដំណាក់កាលទី១ នៃការជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ដែលចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ ហើយដំណាក់កាលទី២ នឹងធ្វើឡើង បន្តទៀត នៅថ្ងៃខាងមុខ​។ ហេតុអីបានជាយើង កំណត់ការបំពាក់ឋានន្តរស័ក្តិជូនដល់នាយទាហាន ដែលបានចូលបម្រើ កងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះ? ពីព្រោះយើងកំណត់ឆ្នាំ១៩៧៩ គឺជាឆ្នាំប្រវត្តិសាស្រ្ត និងជាពេលវេលាដ៍លំបាក នៃការរំដោះប្រទេសជាតិចេញរបបប្រល័យពូជសាសន៍ ហើយស្វែងរកសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ»

ជាមួយគ្នានោះដែរ លោក ភួង ស៊ីផាន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងថា «​យើងកំណត់ឆ្នាំ១៩៧៩ គឺជាឆ្នាំប្រវត្តិសាស្រ្តនិងជាពេលវេលា​ នៃការរំដោះប្រទេសជាតិចេញរបបដ៍ខ្មៅងងឹត ហើយស្វែងរកសុខសន្តិភាព រហូតដល់សព្វថ្ងៃនេះ។ យើងពិតជាមានភាពសប្បាយរីករាយ ប្រកបដោយកិត្តិយស និងមោទនភាព ដែលមាន ថ្នាក់ដឹកនាំប្រកបដោយសច្ចធម៌ ព្រហ្មវិហារធម៌ ក្នុងការគិតគូរពីជីវភាព និងកិត្តិយសរបស់យោធិន»

សូមបញ្ជាក់ថា ការបំពាក់ឋានន្តរស័ក្តិ ជូននាយទាហានដែលបានចូលបម្រើកងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះ នៅបញ្ជាការដ្ឋាន កងពលតូចលេខ៧០ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ មានចំនួន ៥៨៩នាក់ មកពី១៥អង្គភាពចម្រុះ៕