(ភ្នំពេញ)៖ កម្ពុជា-ឡាវ បានប្តេជ្ញារួមគ្នាថា នឹងប្រឹងប្រែងទប់ស្កាត់ការរត់ពន្ធគ្រឿងញៀននៅតាមព្រំដែនប្រទេសទាំងពីរ ឲ្យកាន់មានប្រសិទ្ធខ្ពស់ថែមទៀត។ ការប្តេជ្ញាបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបនោះថា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងពីការដាក់ចេញ និងកំពុងអនុវត្តន៍យុទ្ធនាការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្នទៅប្រាប់សមភាគីឡាវ ហើយក៏បានស្នើឲ្យឡាវ ជួយបង្កើនកិច្ចសហការទប់ស្កាត់នូវការជួញដូរ និងរត់ពន្ធគ្រឿងនៅតាមព្រំដែន។

ឆ្លើយតបសំណើនេះ លោក សាលើមសៃ គុំម៉ាស៊ីត បានសន្យាថានឹងជួយពង្រឹងការទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន ហើយក៏នឹងណែនាំ ទៅមន្រ្តីពាក់ព័ន្ធរបស់ខ្លួនឲ្យចូលរួមទប់ស្កាត់ការជួញដូរ និងរត់ពន្ធគ្រឿងញៀននៅតាមព្រំដែននេះផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែម របស់លោក ជុំ សុន្ទរី។

ក្នុងកិច្ចពិភាក្សានោះ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា-ឡាវ ក៏បានលើកឡើងពីការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងបានជំរុញឲ្យមានការវាស់វែង និងបោះបង្គោលព្រំដែនប្រទេសទាំងពីរឲ្យបានឆាប់រហ័ស ខណៈបច្ចុប្បន្នសម្រេចបានប្រមាណ ៤៦៥គីឡូម៉ែត្រ លើប្រវែងព្រំដែនសរុប ៥៣៣គីឡូម៉ែត្រ។

បើតាមលោក ជុំ សុន្ទរី ដើម្បីធ្វើឲ្យការដឹកជញ្ជូនរវាងប្រទេសទាំងពីកាន់តែល្អប្រសើរនោះ ក្នុងកិច្ចពិភាក្សានេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក សាលើមសៃ គុំម៉ាស៊ីត បានលើកឡើងពីការពន្លឿនការសាងសង់ស្ពានឆ្លងទន្លេល្ពៅផងដែរ។

លោក ជុំ សុន្ទរី បានគូសបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេល្ពៅនេះ អាចនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ៕