(កំពង់ស្ពឺ)៖ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអាវុធហត្ថខេត្តបានបើកប្រតិបត្តិការ បង្រ្កាបបទល្មើសព្រៃឈើបានចំនួន ២ករណី ក្នុងនោះដកហូតបានរថយន្តល្មើស ១គ្រឿង និងចាប់ខ្លួនជនសង្ស័យបានម្នាក់ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០១៧។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានបញ្ជាក់ថា ករណីទី១.ប្រតិបត្តិការល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ដោយកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការជាមួយនគរបាលប៉ុស្តិ៍ត្រពាំងជោ ចំនួន២នាក់ និងមន្រ្តីបរិស្ថានដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ដឹកនាំដោយលោក នួន ចក បានប្រទះឃើញឈើម្រេញដាក់ពង្រាយចោលក្នុងព្រៃចំនួន ៩ដុំធំៗ។ ក្រោយពីបានបង្រ្កាបបទល្មើសព្រៃឈើហើយ កម្លាំងបានដឹកឈើម្រេញទាំង៩ដុំនោះ (៥ម៉ែត្រគូប) ប្រគល់ជូនជំនាញរក្សាទុកនៅដែនជំរកសត្វព្រៃភ្នំឱរ៉ាល់។

ករណីទី២៖ប្រតិបត្តិការនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថស្រុកថ្ពង ចំនួន៤នាក់ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ប្រើប្រាស់រថយន្ត២គ្រឿង ជាមធ្យោបាយ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឈន សុគង់ ចុះបង្ក្រាបឃាត់បានឈើ ១១ដុំ នៅលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រ 96-97 ក្នុងភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដកហូតបានរថយន្ត១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2B-3797 ម្ចាស់ឈ្មោះ ទី ឈែ អាយុ២៨ឆ្នាំ រស់នៅភូមិធម្មទៃ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន ឈើខុសច្បាប់ រថយន្តល្មើស រួមនឹងជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងកំណត់ហេតុ ប្រគល់ឲ្យសង្កាត់រដ្ឌបាលព្រៃឈើស្រុកថ្ពង ចាត់ការតាមនីតិវិធីច្បាប់៕